វ៉ាស៊ីនតោន៖ យន្តហោះដឹកទាហានអាមេរិក បានចុះចតនៅភាគខាងត្បូង ប្រទេសប៉ូឡូញ តាមការបញ្ជារបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក្នុងការពង្រាយទាហានអាមេរិកបន្ថែម ទៅកាន់ប៉ូឡូញ រូម៉ានី និងអាល្លឺម៉ង់ ក្នុងសប្តាហ៍នេះ ចំពេលមានភាពតានតឹងកើនឡើង រវាងរុស្ស៊ី និងអ៊ុយក្រែន។
យោងតាមក្រសួងការពារជាតិប៉ូឡូញ បានឱ្យដឹងថា ទាហានអាមេរិកចំនួន ១៧០០នាក់ ដែលត្រូវបានបញ្ជូនទៅប្រទេសប៉ូឡូញ នឹងធ្វើប្រតិបត្តិការ នៅតំបន់ភាគខាងកើត និងភាគខាងត្បូង របស់ប្រទេសនេះ។
ប្រភពបានឲ្យដឹងថា ភស្តុភារ បរិក្ខារ និងទាហានមួយក្តាប់តូច បានមកដល់យន្តហោះផ្សេងទៀត នៅថ្ងៃសុក្រ និងថ្ងៃសៅរ៍ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ភាពតានតឹងរវាង រុស្ស៊ីនិង អ៊ុយក្រែន កំពុងកើនឡើងខណៈបណ្តាប្រទេសលោកខាងលិច កំពុងបង្កើនសមយុទ្ធ យោធា នៅ ជិត ព្រំដែន រុស្ស៊ី។ ក្រុងគៀវ និងសម្ព័ន្ធមិត្តលោកខាងលិច បានចោទរុស្ស៊ី ពីការប្រមូលទ័ពនៅ ជិត ព្រំដែនអ៊ុយក្រែន ដោយបានចង្អុលបង្ហាញបន្ថែមទៀត អំពីលទ្ធភាពនៃ”ការឈ្លានពានទ្រង់ទ្រាយធំ”។

ទីក្រុងមូស្គូ បានបដិសេធការអះអាងបែបនេះ ដោយបន្ថែមថា ខ្លួនមានសិទ្ធិគ្រប់បែបយ៉ាង ក្នុងការប្រមូលផ្តុំកងទ័ព នៅតាមព្រំដែនរបស់ខ្លួន និងការពារសន្តិសុខជាតិរបស់ខ្លួន៕ ដោយ៖ ឈូក បូរ៉ា
