បរទេស៖ នាយកប្រតិបត្តិក្រុមហ៊ុន Meta ឬ Facebook លោក Mark Zuckerberg និងនាយកប្រតិបត្តិ Big Tech ផ្សេងទៀតប្រថុយនឹងការជាប់គុក ប្រសិនបើវេទិកាប្រព័ន្ធផ្សព្វផ្សាយ សង្គមរបស់ពួកគេ មិនទប់ស្កាត់ខ្លឹមសារ ដែលចាត់ទុកថា មានគ្រោះថ្នាក់ ក្រោមច្បាប់ សុវត្ថិភាពអនឡាញ នាពេលខាងមុខនោះទេ ។ នេះតាមរដ្ឋមន្រ្តីវប្បធម៌ របស់ចក្រភពអង់គ្លេស លោកស្រី Nadine Dorries បានព្រមាន ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងទៅកាន់វិទ្យុ Times កាលពីថ្ងៃសៅរ៍ លោកស្រី Dorries បាននិយាយថា លោក Zuckerberg ដែលជាប្រធានក្រុមហ៊ុន Meta ជា ក្រុមហ៊ុនមេរបស់ Facebook និងមេៗនៃផ្នែកបច្ចេកវិទ្យាផ្សេងទៀតអាច “ត្រូវជាប់គុក” ប្រសិនបើពួកគេមិនគោរព តាមសេចក្តីព្រាងច្បាប់ ស្តីពីសុវត្ថិភាពអនឡាញរបស់រដ្ឋាភិបាល ។ លោកស្រីបានសម្តែងក្តីសង្ឃឹមថា ច្បាប់នេះនឹងក្លាយជា “ការជូនដំណឹង ដល់វេទិកាអនឡាញមួយនេះ (Facebook) ដើម្បីបានដឹងថា យើងកំពុងធ្វើឥឡូវនេះ ដើម្បីឱ្យក្រុមហ៊ុនបណ្តាញ សង្គមមួយនេះបានដឹង និងត្រូវធ្វើ ។
សារព័ត៌មាន The Telegraph បានរាយការណ៍ថា នៅក្រោមរបប ‘កាតព្វកិច្ច នៃការថែទាំ’ ដែលស្នើឡើងដោយច្បាប់នេះ អំណាចរបស់ការិយាល័យ ទំនាក់ទំនង (Ofcom) អាចដាក់គុកនាយកប្រតិបត្តិបច្ចេកវិទ្យារហូតដល់ 2 ឆ្នាំ សម្រាប់ការខកខានក្នុងការ ដកចេញនូវខ្លឹមសារខុសច្បាប់។
សូមជម្រាបថា រដ្ឋាភិបាលអង់គ្លេសបានប្រកាសកាលពីថ្ងៃសុក្រថា បទល្មើសព្រហ្មទណ្ឌថ្មីជាច្រើនត្រូវបានបន្ថែមទៅក្នុងច្បាប់នេះ រួមមានការចែករំលែករឿងអាសអាភាស ឧក្រិដ្ឋកម្មនៃការស្អប់ខ្ពើម ការក្លែងបន្លំ ការលក់គ្រឿងញៀន ឬអាវុធខុសច្បាប់ ការផ្សព្វផ្សាយ ឬសម្របសម្រួលការធ្វើអត្តឃាត ការរត់ពន្ធមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទ៕
ប្រែសម្រួលៈ ណៃ តុលា