បរទេស៖ វីដេអូថ្មីមួយបានលេចចេញ តាមប្រព័ន្ធអ៊ីនធឺណែត កាលពីថ្ងៃអាទិត្យ ដែលបង្ហាញពីការធ្លាក់យន្តហោះចម្បាំង F-35C របស់អាមេរិក ហើយបានរអិលចុះ ពីលើនាវាផ្ទុកយន្តហោះ USS Carl Vinson ចូលនៅក្នុងសមុទ្រ នៅកន្លែងណាមួយភាគខាងត្បូង នៃប្រទេសចិន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ឧបទ្ទវហេតុនេះបានកើតឡើង កាលពីថ្ងៃទី២៤ ខែមករា នៅពេលដែលយន្តហោះចម្បាំង F-35C របស់កងទ័ពជើងទឹកអាមេរិក បានធ្លាក់ ខណៈពេលកំពុងចុះចត នៅលើនាវាផ្ទុកយន្តហោះ USS Carl Vinson នៅទីតាំងដែលមិនត្រូវបានគេបង្ហាញ ក្នុងសមុទ្រចិនខាងត្បូង ហើយអ្នកបើកយន្តហោះ ចុចកៅអីហោះចេញដោយសុវត្ថិភាព ចំណែកនាវិក៦នាក់ផ្សេងទៀត បានរងរបួស ខណៈដែលបំណែកយន្តហោះចម្បាំងនេះ ខ្ទាតបែកចេញយន្តហោះពេលធ្លាក់។
វីដេអូថ្មី ដែលសន្មត់ថា គឺថតដោយសមាជិក នៃក្រុមនាវិកនៃនាវាផ្ទុកយន្តហោះ បង្ហាញពីវីដេអូឃ្លាំមើល បង្ហាញពីយន្តហោះចម្បាំង F-35C ខិតជិតនឹងនាវាផ្ទុកយន្តហោះ ពេលចុះចត ខណៈដែលអ្នកគ្រប់គ្រងការហោះហើរ បានស្រែកព្រមានអំពីការចុះចត៕ ប្រែសម្រួលៈ ណៃ តុលា


