តេអេរ៉ង់ ៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Saeed Khatibzadeh បានលើកឡើងថា អារ៉ាប៊ីសាអូឌីត គួរតែសម្រេចចិត្តលើការ បន្តកិច្ចចរចា ដែលមានគោលបំណង ធ្វើឱ្យទំនាក់ទំនងទ្វេភាគី មានលក្ខណៈធម្មតាឡើងវិញ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។
លោក Khatibzadeh បានឲ្យដឹងក្នុងអំឡុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍របស់លោកថា “យើងត្រៀម ខ្លួនរួចជាស្រេច ដើម្បីបន្តកិច្ចចរចាទាំងនេះ នៅក្នុងទីក្រុងបាកដាដ ហើយការបន្តរបស់វា នឹងអាស្រ័យលើការសម្រេច ចិត្តរបស់ទីក្រុងរីយ៉ាដ” ។
លោកបានស្វាគមន៍ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីអ៊ីរ៉ាក់ ក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ច ចរចារវាងទីក្រុងតេអេរ៉ង់ និងទីក្រុងរីយ៉ាដ ក្នុងគោលបំណងដោះស្រាយវិវាទ ដែលបានប៉ះពាល់ដល់ទំនាក់ទំនង ការទូតរវាងប្រទេស ជិតខាងទាំងពីរ។
បន្ទាប់ពីកិច្ចចរចាជាច្រើនជុំ ដែលសម្របសម្រួលដោយអ៊ីរ៉ាក់ អ៊ីរ៉ង់បានបញ្ជូនអ្នកការទូត ៣នាក់ ទៅកាន់អារ៉ាប៊ីសាអូឌីត កាលពីខែមុនក្នុងនាមជាគណៈប្រតិភូទៅអង្គការសហប្រតិបត្តិការអ៊ីស្លាម ដើម្បីបន្តសកម្មភាព របស់ពួកគេនៅទីក្រុង Jeddah បន្ទាប់ពីបានផ្អាកអស់រយៈពេល ៦ឆ្នាំ។
អារ៉ាប៊ីសាអូឌីត បានកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយ អ៊ីរ៉ង់ នៅដើមឆ្នាំ២០១៦ ក្នុងការតវ៉ាប្រឆាំង នឹងការវាយប្រហារលើបេសកកម្មការ ទូតរបស់អារ៉ាប៊ីសាអូឌីត ក្នុងប្រទេសអ៊ីរ៉ង់បន្ទាប់ពីការប្រហារជីវិត បព្វជិតស៊ីអ៊ីតម្នាក់ របស់អារ៉ាប៊ីសាអូឌីត៕
ដោយ ឈូក បូរ៉ា