ឌុបៃ៖ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ក្នុងស្រុក IRNA នៅថ្ងៃអង្គារនេះបានឲ្យដឹងថា មេដឹកនាំកំពូល នៃប្រទេសអ៊ីរ៉ង់លោក Ayatollah AliKhamenei បានធ្វើការរិះគន់និងចោទប្រកាន់ចំៗ ទៅលើអតីតប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតីអាមេរិក បច្ចុប្បន្នលោក Joe Biden ថាកំពុងតែបានធ្វើឲ្យអាមេរិក បាត់បង់កេរ្ត៍ឈ្មោះ និងភាពល្បីល្បាញរបស់ខ្លួនបន្តចិម្តងៗ។
នៅក្នុងសេចក្តីថ្លែងការទិះតៀនចំៗដ៏កម្រ ពីសំណាក់មេដឹកនាំរូបនេះ ដោយផ្ទាល់ចំពោះអាមេរិក លោកបានបន្តទៀតថា៖ បច្ចុប្បន្ននេះអាមេរិកកំពុងទទួលរង នូវផលប៉ះពាល់ដែលមិនធ្លាប់ ទទួលបានពីមុនមក ហើយអតីតប្រធានាធិបតី និងប្រធានាធិបតីទាំងពីរនាក់រូបនេះ បានសហការគ្នាយ៉ាងស្មើដៃ ក្នុងការធ្វើឲ្យរូបភាពរបស់អាមេរិក កាន់តែអាម៉ាសឡើង។
គួរឲ្យដឹងដែរថាអ៊ីរ៉ង់ និងអាមេរិក បានបន្តបើកកិច្ចពិភាក្សាគ្នាឡើងវិញ នៅថ្ងៃអង្គារនេះ ដើម្បីអាចបង្កើតលទ្ធភាព ក្នុងការធ្វើឲ្យរស់រានមានជីវិតឡើងវិញ នៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ ដែលបានខូចខាត ដោយសារតែ លោក Donald Trump បានប្រកាសដកអាមេរិក ចេញពីកិច្ចព្រមព្រៀង កាលពីឆ្នាំ២០១៨ ហើយបែរជាបានបន្តដាក់ទណ្ឌកម្ម ទៅលើប្រទេសអ៊ីរ៉ង់ ជាបន្តបន្ទាប់ទៅវិញ៕ ប្រែសម្រួល៖ស៊ុនលី