ព័ត៌មានអន្តរជាតិ

ករណីឆ្លងជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក កើនឡើងដល់ជាង ៤០០លានករណី

ញូវយ៉ក ៖ ទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា ករណីឆ្លងជំងឺកូវីដ-១៩ នៅទូទាំងសកលលោក បានកើនលើស ៤០០លានករណី កាលពីថ្ងៃអង្គារ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

ចំនួនករណីឆ្លងនៅទូទាំងពិភពលោកមានចំនួន ៤០០,២៤៤ ,០៣១ករណី ដោយមានអ្នកស្លាប់ចំនួន ៥,៧៦១,២០៨នាក់ នៅទូទាំងពិភពលោក គិតត្រឹមម៉ោង ៥ និង ២០នាទីល្ងាចថ្ងៃអង្គារម្សិលមិញនេះ។

សហរដ្ឋអាមេរិក បានរាយការណ៍ថា មានករណីចំនួន ៧៧,០២៥,០២៧ករណី និងការស្លាប់ចំនួន ៩០៨,២៦២នាក់ ដែលជាចំនួនខ្ពស់បំផុតជុំវិញ ពិភពលោក ដែលស្មើនឹងជាង ១៩ភាគរយនៃករណីទូទាំងពិភពលោក និងច្រើនជាង ១៥ ភាគរយនៃការស្លាប់ទូទាំង ពិភពលោក។

ប្រទេសឥណ្ឌា បានកត់ត្រាករណីផ្ទុកមេរោគធំបំផុតទីពីររបស់ពិភពលោកគឺ ៤២,៣៣៩,៦១១ករណី បន្ទាប់មក គឺប្រេស៊ីលដែលមាន ២៦,៧៧៦,៦៩២ករណីក៏ដូចជាចំនួនអ្នកស្លាប់ច្រើនជាងគេទីពីររបស់ពិភពលោក ដែលមានចំនួន ៦៣៤,០៥៧នាក់ ។

ប្រទេសដែលមានករណីជាង ១២លានករណី ក៏មានផងដែរ រួមមានប្រទេសបារាំង អង់គ្លេស រុស្សី និងតួកគី ខណៈដែលប្រទេសផ្សេងទៀត ដែលមានអ្នកស្លាប់ជាង ២០ម៉ឺននាក់រួមមាន ឥណ្ឌា រុស្សី ម៉ិកស៊ិក និងប៉េរូ នេះបើយោងតាមការបូកសរុបរបស់សាកលវិទ្យាល័យ។

ករណីផ្ទុកមេរោគជាសាកលបានឈានដល់កម្រិតធ្ងន់ធ្ងរបំផុត ១០០លានករណីនៅថ្ងៃទី 26 ខែមករា ឆ្នាំ២០២១ បានកើនឡើងដល់ ២០០ លាននៅថ្ងៃទី០៤ ខែសីហា និងលើសពី ៣០០ លាននៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២៕
ដោយ ឈូក បូរ៉ា

To Top