ព័ត៌មានអន្តរជាតិ

វិភាគ៖ ប្រមុខដឹកនាំ​របបសឹកមីយ៉ានម៉ា អញ្ជើញក្រុមប្រដាប់អាវុធ ឲ្យជួបចរចា

បច្ចុប្បន្នភាព៖ ក្រោយពីរដ្ឋប្រហារ អស់​រយៈពេលជាងមួយឆ្នាំ មេដឹកនាំរបបសឹកសហភាពមីយ៉ានម៉ា បានប្រកាសអញ្ជើញក្រុមជនជាតិភាគតិច ប្រដាប់អាវុធ នៅទូទាំងប្រទេស អោយជួបចរចាក្នុងកិច្ចខិតខំប្រឹង ស្វែងរកសន្តិភាពនៅក្នុងប្រទេសនេះ ។

នេះគឺជាលើកដំបូងហើយ សម្រាប់ប្រមុខដឹកនាំរបបសឹក ដែលបានបង្ហាញចេតនារបស់ខ្លួន ក្នុងការបញ្ចប់វិបត្តិនយោបាយ ដែលបានអូសបន្លាយ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១ ក្រោយពិរដ្ឋប្រហារផ្តួលរំលំ រដ្ឋាភិបាលស៊ីវិល របស់លោកស្រី អ៊ុងសាន ស៊ូជី ។

អ្នកនាំពាក្យចលនាប្រដាប់អាវុធ ជនជាតិភាគតិច អារ៉ាកាន់ (Arakan Army) បាននិយាយថា ការអញ្ជើញក្រុមជនជាតិភាគតិច ប្រដាប់អាវុធអោយជួបចរចារកសន្តិភាព មិនអាចបញ្ចប់វិបត្តិនយោបាយ ដែលបានធ្លាក់ចុះ កាន់តែជ្រៅនៅក្នុងប្រទេសនេះបានទេ ។

អ្នកនាំពាក្យដដែលបានបញ្ជាក់ថា ប្រមុខដឹកនាំរបបសឹក មិនបានអញ្ជើញភាគីជម្លោះសំខាន់ៗ អោយជួបចរចាទេ គឺអញ្ជើញតែភាគីតូចតាច អោយចូលរួមចរចា ដែលជាកិច្ចចរចាត្រូវបានធ្វើឡើង គ្រាន់តែសម្រាលការប៉ះទង្គិចគ្នា តែប៉ុណ្ណោះ ។

នៅក្នុងសេចក្តីប្រកាស ប្រមុខដឹកនាំរបបសឹក មិនបានអញ្ជើញភាគីរដ្ឋាភិបាលរួបរួមជាតិ (National Unity Government) ឬរដ្ឋាភិបាលស្រមោល (Shadow government) អោយចូលរួមចរចា ដើម្បីបញ្ចប់វិបត្តិនយោបាយនោះទេ ។

រដ្ឋាភិបាលរួបរួមជាតិ (National Unity Government) ឬរដ្ឋាភិបាលស្រមោល (Shadow government) គឺត្រូវបានបង្កើតឡើង ដោយអ្នកនយោបាយ ក្នុងអតីតរដ្ឋាភិបាលស៊ីវិល ដែលត្រូវបានផ្តួលរំលំ កាលពីខែកុម្ភៈ ឆ្នាំ២០២១ ដោយរដ្ឋាភិបាលរួបរួមជាតិ ឬរដ្ឋាភិបាលស្រមោលនេះ មានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ នៅសហភាពមីយ៉ានម៉ា និងមានទាំងកងកម្លាំងប្រដាប់អាវុធផងដែរ ។

អ្នកនាំពាក្យកងកម្លាំងយោធា បាននិយាយថា មូលហេតុដែលនាំអោយ ប្រមុខដឹកនាំរបបសឹក មិនអញ្ជើញតំណាងមកពី រដ្ឋាភិបាលរួបរួមជាតិ ឬរដ្ឋាភិបាលស្រមោល អោយជួបចរចា គឺដោយសាររបបសឹក បានទុករដ្ឋាភិបាលនេះ ជាក្រុមភេរវជន ។

ក្រុមមួយទៀត ដែលជាភាគីពាក់ព័ន្ធដ៏សំខាន់ ក្នុងជម្លោះប្រដាប់អាវុធ នៅសហភាពមីយ៉ានម៉ា និងដែលប្រមុខដឹកនាំរបបសឹក មិនបានអញ្ជើញអោយជួបចរចាដែរ គឺក្រុមជនជាតិភាគតិច ចំនួន១៥ក្រុម ក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់ នៅទូទាំងប្រទេស (Nationwide Ceasefire Agreement) ដែលហៅកាត់ថា NCA ។

សូមរំលឹកជូនថា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥កន្លងទៅ ក្រុមជនជាតិភាគតិចទាំង១៥ក្រុម មានកងកម្លាំងការពារជនជាតិការ៉ែន (Karenni Nationalities Defense Force) និងកងកម្លាំងការពារជាតិជីន (Chin National Defense Force) ជាដើម បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង បទឈប់បាញ់មួយជាមួយរបបសឹក ។

ក្រុមជនជាតិភាគតិចប្រដាប់អាវុធ ទាំង១៥ក្រុម ដែលបានចុះហត្ថលេខាលើ បទឈប់បាញ់នេះ ក៏មិនត្រូវបានប្រមុខដឹកនាំរបបសឹក អញ្ជើញអោយជួបចរចាដែរ ខណៈដែលក្រុមនេះ បានវាយប្រហារជាញឹកញាប់ ជាមួយកងកម្លាំងយោធាមីយ៉ានម៉ា ។

និយាយជារួម ក្រុមជនជាតិភាគតិច ក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់ និងរដ្ឋាភិបាលរួបរួមជាតិ គឺជាភាគីពាក់ព័ន្ធសំខាន់ ក្នុងវិបត្តិនយោបាយ នៅសហភាពមីយ៉ានម៉ា ប៉ុន្តែប្រមុខដឹកនាំរបបសឹក បែរជាមិនអញ្ជើញអោយទៅចូលរួម កិច្ចចរចាទៅវិញ ។

អ្នកជំនាញផ្នែកនយោបាយអន្តរជាតិជាច្រើន បានលើកឡើងប្រហាក់ប្រហែលគ្នាថា សេចក្តីប្រកាសពីកិច្ចចរចារ រវាងប្រមុខដឹកនាំរបបសឹក និងភាគីជម្លោះនៅក្នុងប្រទេសនេះ គឺត្រូវបានធ្វើឡើងគ្រាន់តែ ជាយុទ្ធសាស្ត្រសម្រាលស្ថានភាពប៉ះទង្គិចគ្នា ដោយអាវុធតែប៉ុណ្ណោះ ដោយប្រមុខដឹកនាំរបបសឹក មិនមានចេតនាពិតប្រាកដ ក្នុងការបញ្ចប់វិបត្តិនយោបាយ នៅក្នុងប្រទេសរបស់ខ្លួន ដែលបានអូសបន្លាយអស់ រយៈពេលជាមួយឆ្នាំកន្លងមកនេះទេ ហើយវិបត្តិក៏នៅតែបន្តទៅមុខទៀត មិនអាចចប់បាន ។

ដើមចមនាំអោយកើតរឿង៖ ដើមចមដែលនាំអោយប្រមុខដឹកនាំ របបសឹកមីយ៉ានម៉ា មិនអញ្ជើញភាគីជម្លោះសំខាន់ៗអោយចូលរួម ក្នុងកិច្ចចរចារកសន្តិភាព នៅក្នុងប្រទេសនេះ គឺដោយសាររបបសឹកមិនមានចេតនា អោយរដ្ឋាភិបាលស៊ីវិល ​រស់ឡើងវិញ ។

ប្រសិនបើរបបសឹក អញ្ជើញតំណាងមកពី អតីតរដ្ឋាភិបាលស៊ីវិល​ អោយចូលរួមក្នុងកិច្ចចរចា គឺតំណាងរដ្ឋាភិបាលស៊ីវិល នឹងទាមទារអោយមាន ការបោះឆ្នោតសាជាថ្មី ហើយបើមានការបោះឆ្នោត រដ្ឋាភិបាលស៊ីវិលនឹងទទួលជ័យជម្នះ ។

អ្នកជំនាញផ្នែកិច្ចការអន្តរជាតិ បានអោយដឹងថា រដ្ឋាភិបាលស៊ីវិល មានយុទ្ធសាស្ត្រកាត់បន្ថយឥទ្ធិពលយោធា នៅក្នុងប្រទេសនេះ តាមរយៈការតាក់តែងច្បាប់ និងការរៀបចំមុខងារ របស់កងកម្លាំងយោធា អោយនៅដាច់ដោយឡែក ពីរដ្ឋាភិបាលស៊ីវិល ។

ស្ទើររាល់លើកនៃការបោះឆ្នោត ដូចជាការបោះឆ្នោតអាណត្តិទី២ នៃរដ្ឋាភិបាលស៊ីវិល គឺគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ របស់លោកស្រី អ៊ុងសាន ស៊ូជី បានទទួលការគាំទ្រ រហូតដល់៨៣% ដែលជាសម្លេងគាំទ្រ ច្រើនលើសលប់ ។

សម្លេងគាំទ្រនោះ ប្រសិនបើរដ្ឋាភិបាលស៊ីវិល មានបំណងធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ឬកែប្រែច្បាប់ណាមួយ ក្នុងគោលដៅកាត់បន្ថយ អំណាចយោធានៅក្នុងប្រទេសនេះ គឺរដ្ឋាភិបាលស៊ីវិល អាចធ្វើបានយ៉ាងស្រួល ដោយមិនត្រូវការសម្លេងបន្ថែម ពីបក្សផ្សេងនោះទេ ។ មូលហេតុនេះហើយ ទើបប្រមុខដឹកនាំយោធា បានធ្វើរដ្ឋប្រហារផ្តួលរំលំ រដ្ឋាភិបាលស៊ីវិល និងយកអំណាចទាំងអស់ មកគ្រប់គ្រងដោយខ្លួនឯង ដែលប្រហែលជាមិនអាចរៀបចំ អោយមានការបោះឆ្នោត សាជាថ្មីនោះទេ៕
អ៊ី ជិន

To Top