ប៉េកាំង៖ សភាប្រជាជនជាតិ (NPC) ដែលជាស្ថាប័ននីតិប្បញ្ញត្តិ កំពូលរបស់ប្រទេសចិន បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះសេចក្តីព្រាងច្បាប់ របស់សហរដ្ឋអាមេរិក ដែលមានខ្លឹមសារអវិជ្ជមាន ទាក់ទងនឹងប្រទេសចិន។
គណៈកម្មាធិការកិច្ចការបរទេស NPC បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា អ្វីដែលគេហៅថា “America CompETES Act of 2022” ដែលទើបអនុម័តដោយ សភាតំណាងរាស្រ្តអាមេរិក នាពេលថ្មីៗនេះ គឺស្ថិតនៅក្នុងចិត្តគំនិត នៃសង្រ្គាមត្រជាក់ និងផ្នត់គំនិតហ្គេមសូន្យ ហើយបានបរិហារដល់មាគ៌ា អភិវឌ្ឍន៍របស់ប្រទេសចិន ក៏ដូចជាគោលនយោបាយក្នុងស្រុក និងបរទេសរបស់ខ្លួន។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា សេចក្តីព្រាងច្បាប់នេះ ក្រោមការក្លែងបន្លំនៃការបង្កើន សមត្ថភាពប្រកួតប្រជែង របស់សហរដ្ឋអាមេរិក មានបំណងទប់ស្កាត់ និងបង្រ្កាបការច្នៃប្រឌិត និងការអភិវឌ្ឍន៍របស់ប្រទេសចិន និងរក្សាបាននូវអនុត្តរភាពសកល របស់សហរដ្ឋអាមេរិក។
ប្រភពក៏បានកត់សម្គាល់ផងដែរថា ការផ្លាស់ប្តូរដើម្បីចាត់ទុកប្រទេសចិន ជាគូប្រជែងយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក នឹងធ្វើឱ្យខូចទំនុកចិត្តទៅវិញទៅមក រវាងប្រទេសទាំងពីរ បំផ្លាញកិច្ចសហប្រតិបត្តិការ ទ្វេភាគីក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ការអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ហើយនឹងធ្វើឱ្យប៉ះពាល់ដល់ ផលប្រយោជន៍សំខាន់ៗ នៃសហរដ្ឋអាមេរិក។
សេចក្តី ថ្លែងការណ៍ បាន ឲ្យដឹងទៀតថា ខ្លឹមសារនៃសេចក្តីព្រាងច្បាប់ ស្តីពីតៃវ៉ាន់ រំលោភយ៉ាងធ្ងន់ធ្ងរ លើគោលការណ៍ចិនតែមួយ និងសេចក្ដីថ្លែងការណ៍ចិន-អាមេរិកទាំង៣ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
ប្រភពបានបញ្ជាក់បន្ថែម ដោយបានសង្កត់ធ្ងន់ថា បញ្ហាទាក់ទងនឹងស៊ីនជាំង ទីបេ និងហុងកុង គឺជាកិច្ចការផ្ទៃក្នុងរបស់ចិនសុទ្ធសាធ ដែលមិនមានការជ្រៀតជ្រែក ពីខាងក្រៅនោះឡើយ ៕
ដោយ ឈូក បូរ៉ា