ព័ត៌មានអន្តរជាតិ

ក្រុមបាតុករ នៅកាណាដា នាំគ្នាផ្គើននឹងការគំរាមចាប់ខ្លួន ចំពោះអ្នកណា ដែលកាន់ធុងសាំង ចង់ផ្ទេរឱ្យអ្នកបើកឡាន

បរទេស៖ ក្រុមបាតុកររាប់រយនាក់ បានបង្ហាញខ្លួនដើម្បីចំអក ទៅលើការគំរាមកំហែង របស់ប៉ូលីសក្រុង Ottawa ប្រទេស កាណាដា ក្នុងការចាប់ខ្លួននរណាម្នាក់ ដែលផ្តល់ប្រេងឥន្ធនៈ ដល់ក្រុមអ្នកបើកឡានដឹកទំនិញ នៃការដង្ហែរឆ្លងកាត់ទីក្រុង ដោយបាតុករទាំងនោះ កាន់ធុងប្រេងពណ៌ក្រហម ក្នុងសប្តាហ៍នេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ប៉ូលីសក្រុង Ottawa កាលពីថ្ងៃអាទិត្យបានព្រមានថា នរណាម្នាក់ដែលឃើញថាបានការផ្តល់ “ជំនួយសម្ភារៈ” ដូចជាប្រេងឥន្ធនៈ ដល់អ្នកបើកបរដែលតវ៉ាប្រឆាំងនឹងការរឹតបន្តឹង Covid-19 គឺនឹងត្រូវចាប់ខ្លួន នៅក្នុងការប៉ុនប៉ងរបស់ប៉ូលីស ដើម្បីបង្អត់ប្រភពដល់បាតុករ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកតវ៉ារាប់រយនាក់បានឆ្លើយតប ទៅនឹងការគំរាមកំហែងនេះវិញ ដោយនាំគ្នាកាន់ធុងប្រេងឥន្ធនៈ ពណ៌ក្រហម ដែលភាគច្រើនជាធុងទទេ ឬពោរពេញដោយទឹក ឆ្លងកាត់តាមដងផ្លូវនៃទីក្រុង Ottawa។

វីដេអូមួយបានបង្ហាញពីក្រុមបាតុករ ដែលកំពុងដើរឆ្ពោះទៅកាន់សភា ដោយកាន់ធុងប្រេងនៅក្នុងដៃ ខណៈមួយទៀតបង្ហាញបុរសម្នាក់ កាន់ធុងពីរដែលមានស្លាក “Got gas?”៕ ប្រែសម្រួលៈ ណៃ តុលា

To Top