បរទេស៖ ទាហានរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ប្រហែល ៣៥នាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់នៅក្នុងការវាយឆ្មក់ និងការវាយប្រហារ ដោយកងកម្លាំងការពារប្រជាជន (PDFs) នៅក្នុងតំបន់ Sagaing និង Bago កាលពីថ្ងៃអង្គារ។
យោងតាមសារព័ត៌មាន The Irrawaddy ចេញផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា កាលពីរសៀលថ្ងៃអង្គារ ទាហាន ២២នាក់បានស្លាប់ ឬរងរបួស នៅពេលដែលកងកម្លាំងតស៊ូ ៧ នាក់ បានវាយឆ្មក់ក្បួនរថយន្តយោធា ដោយបង្កប់គ្រាប់មីន នៅលើផ្លូវហាយវ៉េ Pale-Yinmabin ក្នុងទីប្រជុំជន Yinmabin តំបន់ Sagaing ។
ក្រុមទាំងនោះបានអះអាងថា ពួកគេបានប្រើគ្រាប់មីនចំនួន ៤១ គ្រាប់ ក្នុងការវាយប្រហារនោះ។
វីដេអូបង្ហាញពីការផ្ទុះ នៅជិតរថយន្ត។ Irrawaddy មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យ នូវរបាយការណ៍ណាមួយបានទេ។
កងកម្លាំងការពារជាតិ Chindwin Galone Yarzar Guerrilla ដែលចូលរួមក្នុងការវាយប្រហារ បាននិយាយថា រថយន្តយោធា២គ្រឿងបានក្រឡាប់ និងរថយន្តមួយទៀត បានរងការខូចខាត។
កងកម្លាំងបដិវត្តន៍ Wolf Guerrilla ដែលចូលរួមក្នុងការវាយឆ្មក់ ដែរនោះ បាននិយាយថា កាលពីរសៀលថ្ងៃអង្គារ កងកម្លាំងការពារប្រជាជន (PDFs) ៣ផ្សេងទៀតបានវាយប្រហារ លើកងទ័ពដែលប៉ុនប៉ង វាយឆ្មក់ភូមិ Ma Daunggyi ក្នុងទីប្រជុំជន Khin U ក្នុងតំបន់ Sagaing ៕ ប្រែសម្រួលៈ ណៃ តុលា