ព័ត៌មានអន្តរជាតិ

វៀតណាម មានករណីឆ្លងជំងឺកូវីដ-១៩ រហូតដល់ជិត ២៤០០០ករណី

ហាណូយ៖ ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសវៀតណាម បានរាយការណ៍ករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ២៣,៩៥៦ករណី កើនឡើងជាង ២០០០ករណីចាប់ពីថ្ងៃអង្គារ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ការឆ្លងប្រចាំថ្ងៃដែលបានចូលក្នុងតំបន់ចំនួន ៦២ ទូទាំងប្រទេសវៀតណាម រួមមាន ២៣,៩៥៣ ករណីឆ្លងក្នុងស្រុក និង ៣ ករណីនាំចូល។

រដ្ឋធានីហាណូយរបស់វៀតណាម នៅតែជាតំបន់ដែលមានចំនួនអ្នកឆ្លងខ្ពស់បំផុតកាលពីថ្ងៃពុធដោយមាន ២,៩៤៩ ករណី បន្ទាប់មកខេត្ត Nghe An កណ្តាលមាន ១,៩០០ ករណី និងទីក្រុង Hai Phong ភាគខាងជើងមាន ១,២៩៥ ករណី។

ការឆ្លងបាននាំឱ្យចំនួនឆ្លងសរុបរបស់ប្រទេសនេះកើនឡើងដល់ ២,៤០៤,៦៥១ករណី ជាមួយនឹងការស្លាប់ ៣៨,៦១៤នាក់។ រហូតមកដល់ពេលនេះ នៅទូទាំងប្រទេស អ្នកជំងឺកូវីដ-១៩ ចំនួន ២,១៩៦,៦០២នាក់ បានជាសះស្បើយ។

គួរបញ្ជាក់ថា យោងតាមក្រសួងសុខាភិបាល វៀតណាមបានឲ្យដឹងថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ១៨៣,៧លានដូស រួមទាំងការចាក់វ៉ាក់សាំងលើកទី៣ ចំនួន ៣០,១លានត្រូវបានគ្រប់គ្រង៕
ដោយ ឈូក បូរ៉ា

To Top