ព័ត៌មានអន្តរជាតិ

យោធាចិន ប្តេជ្ញារារាំង ការជ្រៀតជ្រែកពីបរទេស គម្រោងបំបែកខ្លួន សម្រាប់ឯករាជ្យភាពតៃវ៉ាន់

ប៉េកាំង៖ អ្នកនាំពាក្យយោធាបានឲ្យដឹងថា យោធាចិន នឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីយ៉ាងរឹងមាំ រារាំងរាល់ទម្រង់ នៃការជ្រៀតជ្រែកពីបរទេស និងការប៉ុនប៉ងបំបែកខ្លួន សម្រាប់ “ឯករាជ្យភាពតៃវ៉ាន់” និងបន្តជំរុញការបង្រួប បង្រួមជាតិឡើងវិញ។

លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិ របស់ប្រទេសចិន បានធ្វើការកត់សម្គាល់ជាការឆ្លើយតបទៅ នឹងគម្រោងលក់អាវុធរបស់សហរដ្ឋអាមេរិក ទៅឱ្យតៃវ៉ាន់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

ការលក់អាវុធ ទៅឲ្យតំបន់តៃវ៉ាន់ របស់ចិន ដោយសហរដ្ឋ អាមេរិក បានបំពានយ៉ាងធ្ងន់ធ្ងរ លើគោលការណ៍ចិន តែមួយនិង សេចក្ដីថ្លែងការណ៍ចិន-អាមេរិកទាំង៣ ជាពិសេសសេចក្តីថ្លែងការណ៍ថ្ងៃទី ១៧ ខែសីហា។

អ្នកនាំពាក្យបានលើកឡើងថា ទង្វើរបស់សហរដ្ឋអាមេរិក បានជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ប្រទេសចិន ធ្វើឱ្យខូចទំនាក់ទំនងរវាងប្រទេសទាំងពីរ និងយោធាទាំងពីរ និងបង្កគ្រោះថ្នាក់ដល់សន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។

លោក Wu បានបន្ថែមថា ប្រទេសចិន ទទូចយ៉ាងខ្លាំងដល់សហរដ្ឋអាមេរិក ឱ្យលុបចោលជាបន្ទាន់នូវផែនការលក់អាវុធរបស់ខ្លួន បញ្ឈប់ទំនាក់ទំនងយោធាជាមួយតៃវ៉ាន់ និងបញ្ឈប់ការបញ្ជូនសញ្ញាខុសទៅកាន់កងកម្លាំងបំបែកខ្លួនដែលស្វែងរក “ឯករាជ្យភាពរបស់តៃវ៉ាន់”៕

ដោយ ឈូក បូរ៉ា

To Top