រីយ៉ាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ថា ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា មនុស្សសរុបចំនួន ១២នាក់ បានរងរបួសនៅក្នុងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក ដោយកងជីវពល ហួធី (Houthi) របស់ប្រទេសយេមែន សំដៅទៅលើអាកាសយានដ្ឋានអន្តរជាតិ Abha របស់ប្រទេសអារ៉ាប៊ីសាអូឌីត ។
យន្តហោះគ្មានមនុស្សបើក ត្រូវបានស្ទាក់ចាប់ ប៉ុន្តែគ្រាប់ផ្លោងបានបង្កឲ្យ រងបួសអ្នកដំណើរស៊ីវិល និងបុគ្គលិកព្រលានយន្តហោះ នេះបើយោងតាមការបង្ហោះរបស់ ទីភ្នាក់ងារសារព័ត៌មានរដ្ឋអារ៉ាប៊ីសាអូឌីត ។
អាកាសយានដ្ឋាន Abha ស្ថិតនៅជិតព្រំដែនយេមែន នៅភាគខាងត្បូង ប្រទេសអារ៉ាប៊ីសាអូឌីត។
គួរបញ្ជាក់ថា កងជីវពល Houthi បានបើកការវាយប្រហារដោយ យន្តហោះគ្មានមនុស្សបើក និងមីស៊ីលជាច្រើនដងប្រឆាំងនឹង តំបន់ព្រំដែនអារ៉ាប៊ីសាអូឌីត ជាមួយប្រទេសយេមែន និងកន្លែងផ្សេងទៀត ដើម្បីជាការសងសឹកចំពោះការ វាយប្រហារតាមអាកាសកាន់តែខ្លាំង របស់រាជាណាចក្រលើមូលដ្ឋាន របស់ខ្លួនក្នុងប្រទេសយេមែន។
ក្រុមចម្រុះបានលើកឡើងថា ការវាយប្រហារភាគច្រើនត្រូវបានរារាំង មុនពេលឈានដល់ គោលដៅរបស់ពួកគេ ។
សង្គ្រាមដឹកនាំដោយអារ៉ាប៊ីសាអូឌីត ក្នុងការគាំទ្រប្រធានាធិបតីយេមែន Abd-Rabbu Mansour Hadi ប្រឆាំងនឹងក្រុមឧទ្ទាម Houthi នឹងឈានចូលដល់ឆ្នាំទី៧ ហើយនៅខែក្រោយនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា