ព្រុចសែល ៖ លោក Jens Stoltenberg អគ្គលេខាធិការ នៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បានជួបពិភាក្សា កាលពីថ្ងៃព្រហស្បតិ៍ជា មួយនឹងការធ្វើទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន ជុំវិញភាពតានតឹង រវាងរុស្ស៊ី-អ៊ុយក្រែន។
និយាយអំពីការបង្កើនយោធារបស់រុស្ស៊ី នៅជុំវិញអ៊ុយក្រែន លោក Stoltenberg បានឲ្យដឹងនៅក្នុងសេចក្តី ប្រកាសព័ត៌មានថា “នេះគឺជាពេលវេលាដ៏គ្រោះថ្នាក់ សម្រាប់សន្តិសុខអឺរ៉ុប” ។ លោក គូសបញ្ជាក់ ថា ខណៈ ណាតូ ត្រៀមខ្លួន សម្រាប់ ស្ថានភាពអាក្រក់ បំផុត ខ្លួននៅតែ ប្តេជ្ញា ស្វែងរក ដំណោះស្រាយ នយោបាយ ។
លោក Stoltenberg បានបង្ហើបថា លោកបានសរសេរ ទៅកាន់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ដោយរំលឹកឡើងវិញ នូវការអញ្ជើញរបស់លោក ឱ្យបន្តកិច្ចសន្ទនានៅក្នុងកិច្ចប្រជុំជាបន្តបន្ទាប់នៅក្នុងក្រុមប្រឹក្សា NATO-Russia ដើម្បីស្វែងរកផ្លូវការទូតទៅមុខ។
លោកបានស្វាគមន៍ ចំពោះទំនាក់ទំនងនាពេលថ្មីៗនេះរបស់លោក ចនសុន ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន និងដំណើរទស្សនកិច្ច របស់រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក Truss ទៅកាន់ទីក្រុងម៉ូស្គូ។ លោកក៏បានស្វាគមន៍ ចំពោះការផ្តល់ជូនរបស់ចក្រភពអង់គ្លេសនូវកងទ័ព នាវា និងយន្តហោះបន្ថែមទៀតដល់អង្គការណាតូ។
លោក ចនសុន បានប្រាប់អ្នក សារព័ត៌មានថា “នេះប្រហែលជាពេលដ៏គ្រោះថ្នាក់បំផុត។ ខ្ញុំចង់និយាយថា នៅប៉ុន្មានថ្ងៃខាងមុខ ក្នុងអ្វីដែលជាវិបត្តិសន្តិសុខ ដ៏ធំបំផុត ដែលអឺរ៉ុបបានប្រឈមមុខជាច្រើនទសវត្សរ៍មកហើយ។ យើងត្រូវតែធ្វើវាឱ្យត្រូវ” ។ លោក បាន បន្ថែម ថា លោក មិន គិត ថា ការ សម្រេច ចិត្ត មួយ ត្រូវ បាន គេ ធ្វើ សម្រាប់ ការ លុកលុយនោះទេ”៕
ដោយ ឈូក បូរ៉ា