ព័ត៌មានអន្តរជាតិ

កងកម្លាំងតួកគី សម្លាប់កងជីវពលឃឺដអស់២៩នាក់ នៅភាគខាងជើងស៊ីរី


អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ថា ក្រសួងការពារជាតិតួកគីបានឲ្យដឹងនៅថ្ងៃសុក្រនេះថា កងកម្លាំងសន្តិសុខតួកគី បានសម្លាប់សមាជិក២៩នាក់នៃអង្គភាពការពារប្រជាជនឃឺដ ហៅកាត់(YPG) នៅភាគខាងជើងនៃប្រទេសស៊ីរី ។

ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយថា សមាជិក YPG សរុបចំនួន២៨នាក់ ដែលប៉ុនប៉ងវាយប្រហារតំបន់ Operation Euphrates Shield និងយុទ្ធជន YPG ម្នាក់ដែលព្យាយាមវាយប្រហារតំបន់ Operation Peace Spring ត្រូវបាន “បន្សាបអព្យាក្រឹត” ។

ជារឿយៗអាជ្ញាធរតួកគី ប្រើពាក្យ “បន្សាប” ដើម្បីមានន័យថា ពួកសកម្មប្រយុទ្ធត្រូវបានសម្លាប់ របួស ឬចាប់ខ្លួននៅក្នុងប្រតិបត្តិការសន្តិសុខ ។

កងកម្លាំងតួកគី និងសមាជិក YPG ជារឿយៗមានការបាញ់ប្រហារគ្នានៅតាមព្រំដែនស៊ីរី ប៉ុន្តែភាពតានតឹងបានកើនឡើងនៅក្នុងតំបន់ចាប់តាំងពីដើមខែមករា នៅគ្រាដែលទាហានតួកគី៣នាក់ត្រូវបានសម្លាប់នៅទីនោះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top