យូអិន ៖ អគ្គលេខាធិការអង្គការ សហប្រជាជាតិ លោក Antonio Guterres បានជំរុញឱ្យភាគីទាំងអស់ នៅក្នុងប្រទេសលីប៊ី បន្តរក្សាស្ថិរភាព នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ ។
នៅក្នុងសេចក្តីថ្លែងការណ៍ ដែលចេញដោយអ្នកនាំពាក្យ របស់លោក ប្រមុខអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យ “ភាគីទាំងអស់បន្តរក្សាស្ថិរភាព នៅក្នុងប្រទេសលីប៊ី ជាអាទិភាពកំពូល” ។
ប្រមុខអង្គការ សហប្រជាជាតិកំពុង “តាមដានយ៉ាងដិតដល់” វិបត្តិនយោបាយចុងក្រោយបង្អស់ដែលកើតឡើងនៅក្នុងប្រទេសលីប៊ី ដែលគំរាមកំហែង ឱ្យប្រទេសនេះត្រឡប់ទៅ រកជំហរមិនចុះសម្រុងគ្នារវាងអាជ្ញាធរគូប្រជែងពីរ បន្ទាប់ពីបរាជ័យក្នុង ការរៀបចំការបោះឆ្នោត ប្រធានាធិបតីក្នុងខែធ្នូ។
មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា លោកបានកត់សម្គាល់ពីការបោះឆ្នោត ដែលបានធ្វើឡើង កាលពីថ្ងៃព្រហស្បតិ៍ ដោយសភាតំណាងភាគខាងកើត របស់ប្រទេសនេះ ដើម្បីតែងតាំងនាយករដ្ឋមន្ត្រីថ្មី ។
យោងតាមសេចក្តីរាយការណ៍ ព័ត៌មាន សមាជិកសភា បាន បោះឆ្នោត ដើម្បីដាក់រដ្ឋាភិបាល បណ្តោះអាសន្នថ្មីមួយ ជំនួសការជំទាស់ របស់នាយករដ្ឋមន្ត្រី ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិគឺលោក Abdul Hamid Dbeibah ដែល បានលើកឡើងថា លោកនឹងមិនចុះចេញពីតំណែង ដោយហៅការសម្រេចចិត្ត នេះថា មិនស្របច្បាប់៕
ដោយ ឈូក បូរ៉ា