តេអេរ៉ង់ ៖ ប្រជាជនអ៊ីរ៉ង់ បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវ កាលពីថ្ងៃសុក្រ ដើម្បីរំលឹកខួបលើកទី៤៣ នៃជ័យជំនះនៃបដិវត្តអ៊ីស្លាមឆ្នាំ១៩៧៩ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។
ដោយសារតែការព្រួយបារម្ភអំពីជំងឺកូវីដ-១៩ ការជួបជុំនេះត្រូវបានរៀបចំឡើង ក្នុងទម្រង់នៃការបើកបរចូលសម្រាប់ឆ្នាំទីពីរជាប់ៗគ្នា ដោយមានប្រជាពលរដ្ឋបើកបររថយន្ត និងជិះម៉ូតូក្នុងការជួបជុំ ។
នៅក្នុងរដ្ឋធានីតេអេរ៉ង់ អ្នកបើកបរយានយន្ត ដែលតុបតែងដោយបដាគាំទ្រ ការបង្កើតសាធារណរដ្ឋអ៊ីស្លាម បានធ្វើដំណើរតាមដងផ្លូវទៅកាន់ទីលាន Azadi ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានប្រកាសនៅចុងបញ្ចប់នៃការប្រមូលផ្តុំគ្នានៅទីក្រុងតេអេរ៉ង់ អ្នកចូលរួមបានថ្កោលទោសលោកខាងលិច ចំពោះការដាក់សម្ពាធលើ កម្មវិធីការពាររបស់ប្រទេស។
ពួកគេក៏បានសរសើរ ដល់កិច្ចខិតខំប្រឹងប្រែង របស់ក្រុមចរចានុយក្លេអ៊ែរ ដើម្បីអនុវត្តតាមការណែនាំ របស់ថ្នាក់ដឹកនាំ និងច្បាប់របស់សភា ដើម្បីផលប្រយោជន៍របស់ប្រទេស ។
អ្នកបើកម៉ូតូនៅក្នុងទីក្រុងផ្សេងទៀត បានដើរតាមការនាំមុខរបស់រដ្ឋធានី ក្នុងការរំលឹកខួបនៃជ័យជំនះ នៃបដិវត្តន៍ដ៏សំខាន់៕
ដោយ ឈូក បូរ៉ា