គៀវ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ថា លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន និងលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានធ្វើការសន្ទនាតាមទូរស័ព្ទ កាលពីថ្ងៃអាទិត្យ ដើម្បីពិភាក្សាអំពីស្ថានភាព សន្តិសុខជុំវិញប្រទេសអ៊ុយក្រែន ។
សេចក្តីថ្លែងការណ៍ នៅលើគេហទំព័រប្រធានាធិបតីអ៊ុយក្រែន បានឲ្យដឹងថា លោក Zelensky និងលោក បៃដិន បានផ្លាស់ប្តូរព័ត៌មាន និងពិភាក្សាអំពីវិធី នៃការបន្ថយការកើនឡើង ។
ភាគីនានាក៏បានពិភាក្សាអំពីបញ្ហា នៃការបង្កើនស្ថិរភាពហិរញ្ញវត្ថុ និងថាមពលរបស់អ៊ុយក្រែនចំពេលមានវិបត្តិ ផងដែរ ។
លោក Zelensky បានសង្កត់ធ្ងន់ថា ក្រុងគៀវ យល់ពីហានិភ័យបច្ចុប្បន្នទាំងអស់ ហើយត្រៀមខ្លួនសម្រាប់ “ការអភិវឌ្ឍន៍ណាមួយ” ។
មេដឹកនាំអ៊ុយក្រែន បានថ្លែងអំណរ គុណដល់ក្រុងវ៉ាស៊ីនតោនសម្រាប់ការគាំទ្រ ដោយថ្លែងយ៉ាងដូច្នេះថា វារួមចំណែកដល់ការពង្រឹង សមត្ថភាពរបស់កងទ័ពអ៊ុយក្រែន ។
លោក Zelensky បានអញ្ជើញលោក បៃដិន ឱ្យទៅបំពេញទស្សនកិច្ច នៅអ៊ុយក្រែន “នៅប៉ុន្មានថ្ងៃខាងមុខ” ដោយថ្លែងថា ដំណើរទស្សនកិច្ច បែបនេះមានសារៈសំខាន់ ណាស់ក្នុងការធ្វើឱ្យស្ថាន ការណ៍មានស្ថិរភាព ។
លោក Zelensky ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្តល់ការ ធានាសុវត្ថិភាពប្រកបដោយប្រសិទ្ធភាព សម្រាប់ក្រុងគៀវ ។
យោងតាមសេចក្តីថ្លែងការណ៍ របស់សេតវិមាន លោក បៃដិន បានបញ្ជាក់យ៉ាងច្បាស់នៅក្នុងការសន្ទនា តាមទូរស័ព្ទថា សហរដ្ឋអាមេរិក នឹង “ឆ្លើយតបយ៉ាងរហ័ស និងយ៉ាងម៉ឺងម៉ាត់ រួមជាមួយនឹងសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួន ចំពោះការឈ្លានពានបន្ថែមទៀតរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា