ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ពេលវេលា ដែលពួកអាណានិគម ប៉ែកខាងលិច ធ្វើអ្វីតាមទំនើងចិត្ត មិនអាចត្រឡប់ មកវិញនោះទេ!

ពេលថ្មីៗកន្លងទៅនេះ ក្នុងអំឡុងពេលលោក Alberto Fernández ប្រធានាធិបតីអាហ្សង់ទីន បំពេញទស្សនកិច្ច នៅប្រទេសចិន ប្រទេសចិន និងអាហ្សង់ទីន បានចេញផ្សាយសេចក្តីថ្លែងការណ៍រួម ស្តីពីការធ្វើឱ្យទំនាក់ទំនងភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ មានភាពកាន់តែស៊ីជម្រៅ ។ ក្នុងសេចក្តីថ្លែង ការណ៍នេះ ភាគីចិន រំលឹកឡើងវិញ នូវការគាំទ្រ សំណូមពរ របស់ភាគីអាហ្សង់ទីន ស្តីពីការអនុវត្តអធិបតេយ្យភាព ទាំងស្រុង លើបញ្ហាប្រជុំកោះ Malvinas ព្រមទាំងធ្វើការចរចាជាថ្មីឡើងវិញ ក្នុងពេលឆាប់ៗ ដើម្បីដោះស្រាយវិវាទ ដោយសន្តិភាពតាមសេចក្តីសម្រេចចិត្ត ពាក់ព័ន្ធនៃអង្គការសហប្រជាជាតិ ។

នេះជាគោលជំហរជាប់ រហូតមករបស់ភាគីចិន គោលជំហរ នេះមិនត្រឹម តែបានបង្ហាញពីការគោរព ចំពោះគោលការណ៍ រដ្ឋធម្មនុញ្ញ របស់អង្គការសហប្រជាជាតិប៉ុណ្ណោះទេ ថែមទាំង ក៏ជាការគាំទ្រ ប្រទេសកំពុងអភិវឌ្ឍន៍ឱ្យគាំពារ សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន ព្រមទាំងបានបង្ហាញ ពីទំនួលខុសត្រូវដែលប្រឆាំង នឹងអាណានិគមនិយមនិងគាំពារសមភាពនិងយុត្តិធម៌អន្តរជាតិទៀតផង ហើយទទួលបានការគាំទ្រ យ៉ាងទូលំទូលាយពីសំណាក់ សហគមន៍អន្តរជាតិ ។

ដូចអ្នកផងទាំងពួងបានជ្រាបស្រាប់ហើយថា ការពិតនៃបញ្ហាប្រជុំកោះ Malvinas គឺជាបញ្ហាបន្សល់ទុកពីប្រវត្តិសាស្ត្រអាណានិគមនិយម ។ កាលពីឆ្នាំ១៨១៦ ពេលប្រទេសអាហ្សង់ទីន បម្រះខ្លួនចេញផុត ពីការគ្រប់គ្រងអាណានិគម របស់អេស្ប៉ាញនិងទទួលបានឯករាជ្យ ក៏បានទទួលអធិបតេយ្យភាព ចំពោះប្រជុំកោះ Malvinas ផងដែរ ។ កាលពីឆ្នាំ១៨៣៣ ប្រទេស អង់គ្លេស ដែលធ្វើការវាតទីខាងអាណានិគម និយមនៅទ្វីបអាមេរិកខាងត្បូង បានទន្ទ្រានកាន់កាប់ប្រជុំកោះ Malvinas ដោយកម្លាំងអាវុធ ។ កាលពីឆ្នាំ១៩៦៥ មហាសន្និបាត អង្គការសហប្រជាជាតិ បានអនុម័តលើសេចក្តីសម្រេចចិត្ត ដែលដាក់បញ្ចូល បញ្ហានេះក្នុងក្របខ័ណ្ឌ “លុបចោលអាណានិគមនិយម” ដាស់តឿនភាគីអង់គ្លេស និងអាហ្សង់ទីន ធ្វើការចរចាទ្វេភាគីដើម្បីដោះស្រាយវិវាទ ខាងអធិបតេយ្យភាព ។
កិច្ចប្រជុំ នៃគណៈកម្មាធិការ មិនមែនអាណានិគមនិយម នៃអង្គការសហប្រជាជាតិ ក៏បានដាស់តឿនជាច្រើន លើកឱ្យរដ្ឋាភិបាលអង់គ្លេស ធ្វើការចរចាជាមួយរដ្ឋាភិបាល អាហ្សង់ទីន ដែរ ប៉ុន្តែភាគីអង់គ្លេសបែរជាបដិសេធមិនព្រមធ្វើការចរចា ។ ប្រការនេះត្រូវបានសហគមន៍អន្តរជាតិរិះគន់ថា គឺភាគីអង់គ្លេសចចេស អនុវត្តគំនិតអាណា និគមនិយម ។

អាចឃើញថា បញ្ហាប្រជុំកោះ Malvinas គឺកើតឡើងរវាងអង់គ្លេសនិងអាហ្សង់ទីន ដែលជាប្រទេសមានអធិបតេយ្យភាព ពោលគឺបញ្ហាអន្តរជាតិ ។ ភាគីចិនគាំទ្រសំណូមពរដ៏ត្រឹមត្រូវរបស់អាហ្សង់ទីន ចំពោះអធិបតេយ្យភាព នៃប្រជុំកោះ Malvinas ជាប់រហូតមក នេះគឺសមស្របនឹងស្មារតី នៃសេចក្តីសម្រេចចិត្តពាក់ព័ន្ធ នៃអង្គការសហប្រជាជាតិ និងបង្ហាញពីគំនិតឯកភាពរួមអន្តរជាតិ ។

បច្ចុប្បន្ននេះ ភាគីអង់គ្លេស គួរតែធ្វើការចរចាជាមួយអាហ្សង់ទីន ជាថ្មីឡើងវិញនិងដោះស្រាយបញ្ហា ប្រជុំកោះ Malvinas ដោយសន្តិភាពក្នុងពេលឆាប់ៗ តែមិនមែនមិនអើពើ នឹងសេចក្តីសម្រេចចិត្តនៃអង្គការសហប្រជាជាតិ និងវាយប្រហារភាគីចិន ដែលឈរ នៅប៉ែកយុត្តិធម៌ រហូតដល់ប្រឌិតអ្វីដែលហៅថា សេចក្តីសម្រេចចិត្ត ពាក់ព័ន្ធនឹងតំបន់តៃវ៉ាន់ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងរបស់ចិននិងឆ្លៀត ឱកាសនេះដាក់កម្លាំងសម្ពាធទៅលើភាគីចិន ។
ក្នុងសតវត្សរ៍ទី២១ នេះ ពេលវេលាដែលពួកអាណានិគម ប៉ែកខាងលិចធ្វើអ្វីតាមទំនើងចិត្ត គឺមិនអាចត្រឡប់មកវិញនោះទេ !
ប្រសិនបើអ្នកនយោបាយអង់គ្លេស ដែលមានភាពលាក់ពុត ទាំងនោះចង់ “ឈរនៅប៉ែកខាងយុត្តិធម៌” នោះ ក៏ត្រូវសងប្រជុំកោះ Malvinas ឱ្យអាហ្សង់ទីនវិញ ! ពួកគេគួរតែបើកភ្នែកឡើងទៅមើលថា ពិភពលោកនាពេលបច្ចុប្បន្ននេះ មិនមែនជាយុគសម័យអាណានិគមនិយមទៀតទេ ហើយអ្នកនយោបាយអង់គ្លេស ដែលប៉ុនប៉ងបង្ករឿងហេតុ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសដទៃទៀតគឺមានតែជាន់កែងខ្លួនឯង រងនូវភាពអាម៉ាស ជាក់ជាមិនខាន!

To Top