ព័ត៌មានអន្តរជាតិ

អាជ្ញាធររដ្ឋ Texas ប្ដឹងក្រុមហ៊ុន Meta ទាក់ទងការប្រើប្រព័ន្ធ Face Recognition (សម្គាល់ មុខ )

ភ្នំពេញ ៖ អាជ្ញាធររដ្ឋ Texas សហរដ្ឋអាមេរិក បានប្ដឹងក្រុមហ៊ុន Meta ទាក់ទងទៅនឹងការប្រើប្រាស់ប្រព័ន្ធ Face Recognition ដោយចោទប្រកាន់ថា ប្រព័ន្ធបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក បានរំលោភ លើច្បាប់ការពារឯកជន​ភាព របស់រដ្ឋ ជាមួយនឹងបច្ចេកវិទ្យាសម្គាល់មុខ ដែលប្រមូលទិន្នន័យជីវមាត្រ របស់ប្រជាជន នៅក្នុងរដ្ឋ Texas រាប់លាននាក់ ដោយគ្មានការយល់ព្រមពីពួកគេ ។ នេះបើតាមការផ្សព្វផ្សាយ របស់សារព័ត៌មាន the Wall Street Journal។

យោងតាមហ្វេសប៊ុក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី១៥ កុម្ភៈ នេះ បានឲ្យដឹងថា នៅក្នុងពាក្យបណ្ដឹងរដ្ឋាភិបាល ក៏បានចោទប្រកាន់ Facebook ពីបទទាញយកព័ត៌មានជីវមាត្រពីរូបថត និងវីដេអូដែលអ្នកប្រើប្រាស់​ បានបង្ហោះដោយគ្មានការយល់ព្រម បង្ហាញព័ត៌មានដល់អ្នកដទៃ និងខកខានក្នុងការបំផ្លាញវាក្នុងរយៈពេលដ៏សមរម្យមួយ។

កាលពីចុងឆ្នាំកន្លងទៅក្រុមហ៊ុន Meta បានប្រកាសថា នឹងបិទប្រព័ន្ធ Face Recognition របស់កម្មវិធីហ្វេសប៊ុក ហើយសន្យា នឹងលុបចោលទិន្នន័យ របស់អ្នកប្រើប្រាស់ ដែលពួកគេបានប្រមូល ដែលមានចំនួន ប្រមាណមួយពាន់លាននាក់។ មុខងារសម្គាល់មុខ ត្រូវបានក្រុមហ៊ុន ដាក់បញ្ចូលទៅក្នុង កម្មវិធីហ្វេសប៊ុកកាលពីឆ្នាំ២០១១ ប៉ុន្តែក្នុងឆ្នាំ២០១៧ ក្រុមហ៊ុនបានធ្វើការផ្លាស់ប្ដូរមួយចំនួន ដែលអាចឲ្យអ្នកប្រើប្រាស់បិទប្រព័ន្ធ Face Recognition បាន។ បច្ចុប្បន្នមានអ្នកប្រើប្រាស់តែប្រមាណ ៣០ភាគរយ ដែលកំពុងតែប្រើមុខងារនេះ។

គួរបញ្ជាក់ផងដែរថា ប្រជាប្រិយភាពរបស់កម្មវិធីហ្វេសប៊ុក មានការថយចុះខ្លាំង ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ជាមួយនឹងក្មេងវ័យជំទង់។ ក្នុងឆ្នាំ២០១២ គឺ៩៤% នៃក្មេងជំទង់មានគណនីហ្វេសប៊ុក ប៉ុន្តែចំនួននេះបានថយចុះ នៅសល់តែ២៧% នៅក្នុងឆ្នាំ២០២១ ហើយពួកគេបានងាកមកប្រើកម្មវិធី ទំនាក់ទំនងសង្គមផ្សេងៗទៀត មានដូចជា Snapchat, Twitter, Instagram និង TikTok ជំនួសវិញ៕

To Top