កីឡា

បទវិភាគ៖ ការប្រកួតកីឡា អូឡាំពិករដូវរងា ក្រុងប៉េកាំង បង្ហាញពីស្មារតីដ៏ក្លៀវក្លា របស់យុវជនចិន

ស្នាមញញឹមរបស់អ្នកស្ម័គ្រចិត្ត គឺជានាមប័ណ្ណដ៏ល្អបំផុត នៃការប្រកួតកីឡាអូឡាំពិក ។ ការរៀបចំព្រឹត្តិការណ៍ ប្រកួតកីឡាអូឡាំពិក ដោយជោគជ័យ គឺមិនអាចឃ្លាតពីការផ្តល់សេវា ប្រកបដោយគុណភាពល្អ និងល្អិតល្អន់របស់អ្នកស្ម័គ្រចិត្តបានឡើយ ។

សូមបញ្ជាក់ថា ការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំងឆ្នាំ ២០២២ មានអ្នកស្ម័គ្រចិត្តសរុបប្រហែល ១ ម៉ឺន៩ពាន់នាក់ សម្រាប់ផ្តល់សេវា ដល់ការប្រកួតកីឡា ។ ចាប់តាំងពីអ្នកស្ម័គ្រចិត្ដទាំងអស់ បានចូលបម្រើការងារនៅកីឡាដ្ឋានមក ស្ថាប័នពាក់ព័ន្ធ ក៏បានរៀបចំវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការហ្វឹកហាត់ជាក់ស្តែងជាច្រើនលើក ដើម្បីធានាជាក់លាក់ឱ្យអ្នកស្ម័គ្រចិត្ដទាំងអស់ អាចស្គាល់ច្បាស់នូវខ្លឹមសាររបស់ជំនាញ វិជ្ជាជីវៈនិងបទដ្ឋានត្រឹមត្រូវនៃសេវាកម្ម ក្នុងន័យផ្តល់សេវា ដល់ក្រុមអតិថិជន ដោយជំនាញឯកទេស អាកប្បកិរិយាដ៏ហ្មត់ចត់ ព្រមនិងភាពក្លៀវក្លានិងកក់ក្តៅ ។

ពួកគេបានក្លាយជាបង្អួច នៃការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ដើម្បីបង្ហាញពីភាពអស្ចារ្យ និងកម្លាំងទាក់ទាញរបស់ចិន ទៅកាន់ពិភពលោក ។

ការបង្ហាញពីរាល់ការប្រកួត ដែលប្រកបដោយភាពទាក់ទាញយ៉ាងខ្លាំង គឺ មិនអាចឃ្លាតពីកិច្ចខិតខំប្រឹងប្រែង ដ៏ស្វិតស្វាញរបស់អត្តពលិកម្នាក់ៗ ការគ្រវីទង់ជួយស្រែកបន្ទរយ៉ាងរាក់ទាក់កក់ក្តៅ របស់ទស្សនិកជនទាំងអស់ ហើយក៏មិនអាចឃ្លាតពីការបំពេញការងារ ដ៏ឧស្សាហ៍ព្យាយាមរបស់អ្នកស្ម័គ្រចិត្ត ទាំងអស់ផងដែរ ។ ពួកគេបានផ្តល់សេវា ដល់ការងារគ្រប់ផ្នែក ដូចជា ការផ្តល់សេវាដល់ការប្រកួតកីឡា ដំណើរការខាងប្រព័ន្ធសារព័ត៌មាន ពិធីផ្តល់រង្វាន់និងការងារ ប្រឆាំងការប្រើប្រាស់ ថ្នាំជំនួយកម្លាំងជាដើម ។

ក្នុងនាមជាអ្នកស្ម័គ្រចិត្ត នៃការប្រកួតកីឡាអូឡាំពិករដូវរងា ខណៈពេលបំពេញការងាររបស់ខ្លួនឱ្យបានល្អ ពួកគេក៏បានទទួលបន្ទុកបេសកកម្ម ក្នុងការពិពណ៌នាឱ្យបានល្អនូវរឿងរ៉ាវ នៃប្រទេសចិន និងធ្វើឱ្យពិភពលោកស្វែងយល់ ឱ្យបានស៊ីជម្រៅនូវការអភិវឌ្ឍ និងបម្រែបម្រួលពីមួយថ្ងៃទៅមួយថ្ងៃ របស់ប្រទេសចិនផងដែរ ។ យើងរំពឹងថា នឹងផ្តល់សេវាប្រកបដោយគុណភាពខ្ពស់ ស្គាល់មិត្តភក្តិបរទេសកាន់តែច្រើន ក្នុងន័យបង្ហាញឱ្យឃើញនូវស្មារតី របស់យុវជនចិន ដែលប្រកបដោយភាពវិជ្ជមាន ភាពរាក់ទាក់កក់ក្តៅ និងកិច្ចខិតខំប្រឹងប្រែង ទៅកាន់ពិភពលោក ។ នេះជាសំឡេងរួមរបស់អ្នកស្ម័គ្រចិត្ត នៃការប្រកួតកីឡាអូឡាំពិករដូវរងាគ្រប់រូប ។

គួររំលឹកថា ក្នុងព្រឹត្តិការណ៍ ប្រកួតកីឡាអូឡាំពិករដូវក្តៅឆ្នាំ ២០០៨ ស្នាមញញឹមរបស់អ្នកស្ម័គ្រចិត្ត គឺជានាមប័ណ្ណដ៏ល្អបំផុត នៃទីក្រុងប៉េកាំង ហើយក្នុងឆ្នាំ ២០២២ ទីក្រុងប៉េកាំងបានក្លាយជាទីក្រុងដំបូងបង្អស់ នៅលើពិភពលោក ដែលបានរៀបចំទាំងការប្រកួតកីឡាអូឡាំពិក រដូវក្តៅនិងការប្រកួតកីឡាអូឡាំពិករដូវរងា ។ ស្មារតីនៃស្ម័គ្រចិត្តស្តីពី “រួមវិភាគទាន រាប់អាន ជួយយកអាសាគ្នាទៅវិញទៅមក និងវឌ្ឍនភាព” បានក្លាយជាជម្រើសខាងគុណតម្លៃ របស់យុវជនចិន កាន់តែច្រើនឡើងៗ ក្នុងយុគសម័យថ្មី ។

បើសិនជាអ្នកស្ម័គ្រចិត្ត បានក្លាយជាស្លាកសញ្ញា ដែលពោរពេញទៅដោយភាពកក់ក្តៅ នោះអត្តពលិក ក៏បានក្លាយជានាមប័ណ្ណ ដ៏ស្រស់ស្អាតសម្រាប់ឱ្យប្រទេសចិន បង្ហាញពីយុវភាព និងកម្លាំងក្លៀវក្លារបស់ខ្លួន ទៅកាន់ពិភពលោក ។

តាមការផ្សាយដំណឹង នៃប្រព័ន្ធសារព័ត៌មាន បានឱ្យដឹងថា អត្តពលិកនៃគណៈប្រតិភូកីឡាចិន ដែលចូលរួម ការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំងឆ្នាំ ២០២២ មានអាយុជាមធ្យម គឺ ២៥.២ ឆ្នាំ ក្នុងនោះ អាយុតិចបំផុតទើបតែ ១៧ ឆ្នាំប៉ុណ្ណោះ ។ ក្នុងចំណោមក្រុមអត្តពលិកវ័យក្មេងទាំងនោះ ដូចជា លោក Su Yiming កញ្ញា Gu Ailing លោក Sun Long កញ្ញា Zhang Chutong នាង Zhang Kexin ជាដើមទទួលបានស្នាដៃល្អប្រសើរ នៅលើសង្វៀនប្រកួតអន្តរជាតិហើយ ចំណែកអត្តពលិកចិន ដែលកើតនៅក្រោយពីឆ្នាំ ២០០០ វិញ ដូចជា លោក He Jinbo លោក Song Qiwu លោក Zhao Jiawen និងកញ្ញា Rongge ជាដើមក៏បានខិតខំប្រឹងប្រែង យ៉ាងស្វិតស្វាញ លើវិញ្ញាសាថ្មីនៃការប្រកួតកីឡាអូឡាំពិក ហើយការទទួលបានស្នាដៃល្អ គឺគួរជាទីរំពឹងទុកផងដែរ ។

គួរបញ្ជាក់ថា ក្នុងការប្រកួតកីឡាអូឡាំពិក រដូវរងាលើកនេះ លោក Su Yiming អាយុ ១៧ ឆ្នាំនិងកញ្ញា Gu Ailing អាយុ ១៨ ឆ្នាំបានបង្ហាញទៅកាន់ពិភពលោក នូវរូបភាពជាយុវជនរបស់ប្រទេសចិន ដែលប្រកបដោយភាពក្លៀវក្លា និងកក់ក្តៅ ភាពបរិយាប័ន្ន និងភាពឧស្សាហ៍ព្យាយាម តាមរយៈការបញ្ចេញថ្វីដៃ ប្រកួតដ៏ក្លាហាន និងឥរិយាបថបើកទូលាយ របស់ពួកគេទាំងពីររូប ។យុវជនចិនពីររូបនេះ ដែលមានអាយុមិនដល់ ២០ ឆ្នាទទួលបានជ័យលាភី ដ៏អស្ចារ្យបំផុត ក្នុងការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង !

ក្នុងការប្រកួតផ្តាច់ព្រ័ត្រនៃវិញ្ញាសា Slopestyle ជិះក្តារស្គីផ្នែកបុរសកាលពីថ្ងៃទី ៧ ខែកុម្ភៈ លោក Su Yiming បានចូលប្រកួតចុងក្រោយ ។ ក្នុងករណីដែលលោក Max Parrot កីឡាករកាណាដាទទួលបានពិន្ទុខ្ពស់ ៩០.៩៦ លោក Su Yiming បានអត់ទ្រាំនឹងកម្លាំងសម្ពាធ សម្រេចបាននូវកាយវិការបង្វិលខ្លួន ១៨០០ ដឺក្រេក្នុងការប្រកួតវគ្គទី ២ ហើយទទួលបានមេដាយប្រាក់ ដ៏មានតម្លៃមួយគ្រឿង ។ ចំណែកកញ្ញា Gu Ailing វិញ ក្នុងករណីដែលចាញ់ពន្ទុពីកញ្ញា Tess Ledeux កីឡាការិនីបារាំង ៥.២៥ ក្នុងការប្រកួតពីរវគ្គមុន កញ្ញា Gu Ailing បានលោតកាយវិការដ៏ពិបាកកខ្លាំង ដែលមិនធ្លាប់សាកល្បង ក្នុងការប្រកួតកីឡាមុន គឺ លោតកាយវិការបង្វិលខ្លួន ១៦២០ ដឺក្រេ ទីបំផុតកញ្ញាក៏ឈ្នះ បានមេដាយមាសមួយទៀត ជូនដល់គណៈប្រតិភូកីឡាចិន ។

កូនគោទើបកើតមិនខ្លាចសត្វខ្លា ហ៊ានចេញច្បាំង និងយកឈ្នះលើខ្លួនឯង នេះគឺជាយុវជនចិន!

ក្រោយឈ្នះបានមេដាយមាស នៃការប្រកួតកីឡាអូឡាំពិកទីមួយរបស់ខ្លួន កញ្ញា Gu Ailing មិនបានសាទរហួសជ្រុលទេ បែរជាទៅលួងលោមកញ្ញា Tess Ledeux កីឡាការិនីបារាំង ដែលមិនទទួលបានមេដាយមាស យ៉ាងសោកស្រាយជាមួយកញ្ញា Mathilde Gremaud កីឡាការិនីស្វីស ដែលទទួលបានមេដាយសំរឹទ្ធ ។ ដោយឡែកលោក Su Yiming កីឡាករតែមួយគត់ ដែលបានសម្រេច កាយវិការបង្វិលខ្លួន ១៨០០ ដឺក្រេក្នុងការប្រកួតទាំងមូល ប៉ុន្តែលោកមិនទទួលបាន ជយលាភីជើកឯក ដែលធ្វើឱ្យអ្នកប្រើបណ្តាញអ៊ីនធឺណែតបរទេស ជាច្រើនសម្ដែងការមិនពេញចិត្ត ចំពោះការផ្តល់ពិន្ ទុរបស់អាជ្ញាកណ្តាល ។ ប៉ុន្តែ លោក Su Yiming មិនសូវចាប់អារម្មណ៍ពីរឿងនេះទេ ។ នៅលើវេទិកាផ្តល់រង្វាន់ លោកបានឱបជាមួយដៃគូប្រកួតយ៉ាងសប្បាយចិត្ត ។

គោរពច្បាប់កំណត់ គោរពដៃគូប្រកួត គោរពមិត្តភាព នេះគឺជាយុវជនចិន !

នៅលើសង្វៀនប្រកួត ស្នាដៃរបស់កញ្ញា Gu Ailing និងលោក Su Yiming ធ្វើឱ្យពិភពលោកមាន ការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដំណើរធំធាត់ឡើងដ៏សម្បូរបែប របស់យុវជនពីររូបនេះ ក៏ធ្វើឱ្យអ្នកផងទាំងពួង កោតសរសើរផងដែរ ។ ក្រៅពីធ្វើជាកីឡាករជិះក្តារស្គី ដ៏ឆ្នើមមួយរូប លោក Su Yiming ក៏ជាតារាសម្តែងវ័យក្មេងដ៏ល្បីឈ្មោះផងដែរ ។ លោកធ្លាប់និយាយត្រង់ៗថា មិនចង់ធ្វើជាកីឡាករជិះក្តារស្គី អាជីពនោះទេ ប៉ុន្តែខណៈពេលដែលទីក្រុងប៉េកាំង ទទួលបានសិទ្ធិរៀបចំការប្រកួត កីឡាអូឡាំពិករដូវរងាឆ្នាំ ២០២២ លោកបានសម្រេចចិត្ត ធ្វើជាកីឡាករអាជីពលើវិញ្ញាសាជិះក្តារស្គី ដើម្បីតំណាងឱ្យប្រទេសចិន ចូលរួមការប្រកួតកីឡាអូឡាំពិក ។

តាមពិតទៅ កញ្ញា Gu Ailing ជាកូនកាត់ចិន-អាមេរិក បានធំធាត់ឡើងនៅអាមេរិក ចេះនិយាយភាសាចិនយ៉ាងស្ទាត់ជំនាញ ។ ជាងនេះទៅទៀត កញ្ញាមិនត្រឹមតែជាកីឡាការិនី ដែលមានទេពកោសល្យផ្នែកជិះស្គីប៉ុណ្ណោះទេ ថែមទាំងជានិស្សិតពូកែ នៅសកលវិទ្យាល័យ Stanford នៃអាមេរិក ហើយក៏ជាតារាម៉ូដែលម្នាក់ផងដែរ។ កញ្ញា Gu Ailing រំពឹងថា បទពិសោធន៍របស់ខ្លួន អាចលើកទឹកចិត្ត ដល់ប្រជាជនចិនរាប់ម៉ឺនរាប់ពាន់នាក់ ឱ្យចូលរួមលេងកីឡាព្រិលទឹកកក ។

បរិបទវប្បធម៌ដ៏ពិពិធកម្ម ដំណើរធំធាត់ឡើងខុសៗគ្នា ការអនុវត្តទស្សនៈអូឡាំពិករួម”កាន់តែលឿន កាន់តែខ្ពស់ កាន់តែខ្លាំងក្លានិងកាន់តែសាមគ្គីគ្នា” នេះគឺជាយុវជនចិន !

ពិភពលោកកំពុងប្រឈម នឹងស្ថានភាពបម្រែបម្រួលថ្មី ដែលមិនធ្លាប់មាន ក្នុងរយៈពេល មួយសតវត្សន៍កន្លងទៅនេះ យុវជនចិនដែលមានកញ្ញា Gu Ailing និងលោក Su Yiming ជាតំណាងបានផ្សារភ្ជាប់យ៉ាងស្អិតល្មួត នូវការតស៊ូស្វិតស្វាញរបស់ខ្លួន ជាមួយការអភិវឌ្ឍរបស់មាតុប្រទេស ។ តស៊ូព្យាយាម ដើម្បីឈានដល់គោលដៅ ក្នុងរយៈពេលដ៏ខ្លី មិនខ្ជះខ្ជាយពេលវេលាជាយុវវ័យ នេះគឺជាយុវជចិន !

តាមរយៈកាយវិការដ៏ស្វាហាប់របស់ពួកគេ យើងមិនត្រឹមតែបានមើលឃើញ នូវស្មរតីតស៊ូព្យាយាម របស់អត្តពលិកវ័យក្មេង នៃវិញ្ញាសាកីឡាលើទឹកកក របស់ប្រទេសចិនដែលធ្វើការ ខិតខំប្រឹងប្រែងឥតឈប់ឈរ និងយកឈ្នះលើខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងក៏អាចមើលឃើញ នូវអនាគតដ៏ល្អបវរ នៃបុព្វហេតុចលនាកីឡាព្រិលទឹកកក របស់ប្រទេសចិនផងដែរ ។

យុវជនចិនទាំងអស់គួរតែសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីរួមចំណែកជាកម្លាំងយវភាព ក្នុងការបង្ហាញនូវការប្រកួតកីឡាអូឡាំពិក រដូវរងាប្រកបដោយភាពសាមញ្ញ សុវត្ថិភាពនិងភាពអស្ចារ្យ ទៅកាន់ពិភពលោកទាំងមូល !

To Top