ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ការលេបយកទ្រព្យសម្បត្តិ សម្រាប់សង្គ្រោះជីវិត របស់ប្រជាជន អាហ្វហ្កានីស្ថាន បានលាតត្រដាង នូវធាតុពិត នៃទង្វើអនុត្តរភាព និងឡូហ្ស៊ីក ចោរប្លន់របស់អាមេរិក

" "

នាពេលថ្មីៗកន្លងទៅនេះ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានចុះហត្ថលេខា លើបទបញ្ជារដ្ឋបាលជាផ្លូវការ ដើម្បីលុបចោលការបង្កកទ្រព្យសម្បត្តិ របស់អាហ្វហ្កានីស្ថាន នៅសហរដ្ឋអាមេរិក ពោលគឺ គ្រោងនឹងប្រើប្រាស់ ៣ ពាន់ ៥ រយលានដុល្លារអាមេរិក ក្នុងចំណោម ៧ ពាន់លានដុល្លារអាមេរិក ទៅក្នុងការសងថ្លៃជំងឺចិត្ត ទៅឱ្យសមាជិកគ្រួសាររបស់អ្នករងគ្រោះ ក្នុងព្រឹត្តិការណ៍ភេរវកម្ម “១១កញ្ញា” ហើយ ៣ ពាន់ ៥ រយលានដុល្លារអាមេរិក ដែលបានសល់នឹងត្រូវបានប្រើប្រាស់ ទៅក្នុងការផ្តល់នូវអ្វីដែលហៅថា “ជំនួយ” របស់អាមេរិក ដល់ជនជាតិអាហ្វហ្កានីស្ថាន ។

បន្ទាប់ពីដំណឹងនេះ ត្រូវបានផ្សាយបានធ្វើឱ្យពិភពលោកទាំងមូល មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ អ្នកផងទាំងពួងបានមើលឃើញ យ៉ាងស្រឡាំងកាំងថា រដ្ឋាភិបាលអាមេរិក បែរជាលេបយកយ៉ាងកម្រោល នូវទ្រព្យសម្បត្តិ សម្រាប់សង្គ្រោះជាបន្ទាន់ នូវជីវិតរបស់ប្រជាជន អាហ្វហ្កានីស្ថាន ។ នេះគឺជាទង្វើឆក់ប្លន់ជាតិមួយលើក ដែលសំដៅចំពោះប្រជាជន អាហ្វហ្កានីស្ថាន ហើយក៏ជាការបែកធ្លាយយ៉ាងខ្លាំង នៃធាតុពិត នៃទង្វើអនុត្តរភាព និងឡូហ្ស៊ីក ចោរប្លន់របស់អាមេរិកផងដែរ ។

" "

គួរំលឹកថា កាលពីពាក់កណ្តាលខែសីហា ឆ្នាំ ២០២១ បន្ទាប់ពីកងកម្លាំងប្រដាប់អាវុធតាលីបង់ បានចូលហើយទន្រ្ទានកាន់កាប់ ទីក្រុងកាប៊ុល រដ្ឋធានីនៃប្រទេសអាហ្វហ្កានីស្ថាន រដ្ឋាភិបាលអាមេរិកក៏បានបង្កកទ្រព្យសម្បត្តិ របស់ធនាគារកណ្តាលអាហ្វហ្កានីស្ថាន នៅបរទេសភ្លាម ក្នុងនោះក៏បូករួមទាំង ទ្រព្យសម្បត្តិប្រហែល ៧ ពាន់លានដុល្លារអាមេរិក ដែលបានសន្សំនៅអាមេរិកផងដែរ ។ ទោះជានិយាយយ៉ាងណាក្តី ក៏ទ្រព្យសម្បត្តិទាំងនេះសុទ្ធ តែជារបស់ប្រជាជនអាហ្វហ្កានីស្ថាន ហើយសហរដ្ឋអាមេរិក គ្មានសិទ្ធិប្រើប្រាស់ទោះតាមទម្រង់ណាក៏ដោយ ។ ដូច្នេះ អ្នកប្រើបណ្តាញអ៊ីនធឺណែត នៅបរទេសបានបង្ហោះសារ តាមបណ្តាញទំនាក់ទំនងសង្គម ដោយបានរិះគន់ថា “សហរដ្ឋអាមេរិកបានលួចទ្រព្យសម្បត្តិ របស់អាហ្វហ្កានីស្ថាន !”

" "

ចំណែកឯពាក្យសម្តី របស់រដ្ឋាភិបាលអាមេរិកដែលថា នឹងសងថ្លៃជំងឺចិត្តទៅឱ្យសមាជិកគ្រួសារ របស់អ្នករងគ្រោះក្នុងព្រឹត្តិការណ៍ ភេរវកម្ម”១១កញ្ញា” ប្រការនេះមិនត្រឹមតែមិនអាចក្លាយ ជាមូលហេតុសម្រាប់ប្រើប្រាស់ ទ្រព្យសម្បត្តិទាំងនេះប៉ុណ្ណោះទេ ផ្ទុយទៅវិញ ថែមទាំងក៏បែរជាបានលាតត្រដាង នូវកលល្បិចកាន់តែកខ្វក់ទៀតផង ពោលគឺ នៅឆ្នាំ ២០១៩ រដ្ឋាភិបាលអាមេរិក បានកំណត់ជាថ្មីឡើងវិញ នូវវិសាលភាពអនុវត្តនៃ “សមាជិកគ្រួសាររបស់អ្នករងគ្រោះ” តាមរយៈការធ្វើវិសោធនកម្មលើច្បាប់ ដែលបណ្តាលឱ្យសមាជិកគ្រួសារមួយចំនួន ដែលមិនមែនជាសាច់ញាតិផ្ទាល់ របស់អ្នករងគ្រោះក្នុងព្រឹត្តិការណ៍ ភេរវកម្ម “១១កញ្ញា” មិនអាចទទួលបានប្រាក់សំណងនោះទេ ។ មេធាវី ដែលផ្តល់សេវាដល់ពួកគេបានលើកឡើង នូវ”ការជួញដូរបិសាច” ជូនដល់រដ្ឋាភិបាលអាមេរិក ក្នុងអំឡុងពេលពីឆ្នាំ ២០២០ ដល់ ២០២១ គឺ បន្ថែមអង្គការតាលីបង់ នៃអាហ្វហ្កានីស្ថាន ឱ្យទៅជាចុងចោទ យកទ្រព្យសម្បត្តិ របស់ធនាគារកណ្តាលអាហ្វហ្កានីស្ថាន ដែលបានសន្សំនៅអាមេរិក ជាប្រភពនៃការសងថ្លៃជំងឺចិត្ត ហើយអនុញ្ញាតឱ្យរដ្ឋាភិបាលអាមេរិក អាចទទួលបានមួយចំនួន ពីទ្រព្យសម្បត្តិទាំងនោះ ។ មូលហេតុដ៏មិនសមហេតុផលនេះ សូម្បីតែជនជាតិអាមេរិកជាច្រើន ក៏ពិបាកនឹងទទួលយកបានផងដែរ ។

ក្នុងនាមជាប្រទេសមហាអំណាចតែមួយគត់ លើទូទាំងពិភពលោក អាមេរិក បានលេបយកទ្រព្យសម្បត្តិ សម្រាប់សង្គ្រោះជីវិត របស់ប្រជាជនអាហ្វហ្កានីស្ថាន រឿងនេះពិតជាគ្មានភាពអៀនខ្មាសមែន ! ទង្វើរបស់អាមេរិកបែបនេះ ធ្វើឱ្យមនុស្សប្រកាន់សច្ចយុត្តិធម៌ នៅលើពិភពលោកទាំងនោះ មិនត្រឹមតែមើលឃើញយ៉ាងច្បាស់ នូវមុខមាត់អនុត្តរភាព របស់រដ្ឋាភិបាលអាមេរិកប៉ុណ្ណោះទេ ថែមទាំងក៏គួរតែប្រើមធ្យោបាយគ្រប់បែបយ៉ាង ដើម្បីថ្កោលទោសនិងចាត់វិធានការ តបតវិញចំពោះទង្វើចោរប្លន់បែបនេះ ក៏ដូចជាគាំពារយ៉ាងពិតប្រាកដ នូវសិទ្ធិមនុស្សដែលជាគុណតម្លៃទូទៅ នៃមនុស្សជាតិនិងផ្តល់ការគាំទ្រ យ៉ាងប្រាកដប្រជាដល់ប្រជាជនអាហ្វហ្កានីស្ថាន ដែលត្រូវការជំនួយជាបន្ទាន់ផងដែរ ៕

To Top