ព័ត៌មានអន្តរជាតិ

ប៉ូលិសតួកគី ឃាត់ខ្លួនជនសង្ស័យ ចំនួន២៤នាក់ ជុំវិញការចោទ ប្រកាន់ពាក់ព័ន្ធ នឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារ ក្នុងឆ្នាំ២០១៦

អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ថា ប៉ូលិសតួកគីកាលពីថ្ងៃចន្ទ បានឃាត់ខ្លួន ជនសង្ស័យ យ៉ាងតិច២៤នាក់ ជុំវិញ ការ ចោទប្រកាន់ របស់ពួកគេ ទៅនឹងបណ្តាញ ដែលត្រូវបានចោទប្រកាន់ ពីបទរៀបចំការប៉ុនប៉ង ធ្វើរដ្ឋប្រហារក្នុងឆ្នាំ២០១៦ ។

ប្រតិបត្តិការប៉ូលិសនៅទីក្រុង Sanliurfa ភាគអាគ្នេយ៍បានកំណត់គោលដៅ ជនសង្ស័យ ១៦នាក់ រួមទាំងវេជ្ជបណ្ឌិត គ្រូបង្រៀន និងប៉ូលិស ដែលត្រូវ បានចោទប្រកាន់ថា មានទំនាក់ទំនង ជាមួយចលនា Gulen ដែលរដ្ឋាភិបាលតួកគី ចោទប្រកាន់ថា បានជ្រៀតចូលទៅក្នុងការិយាធិបតេយ្យ របស់រដ្ឋ ហើយបន្ទាប់មកបានប៉ុនប៉ងធ្វើរដ្ឋប្រហារនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ។

នៅក្នុងប្រតិបត្តិការ ដាច់ដោយឡែកមួយនៅក្នុងទីក្រុង អ៊ីស្តង់ប៊ុល ដែលជាទីក្រុងធំបំផុត របស់ប្រទេសតួកគី ប៉ូលិសបានឃាត់ខ្លួន ជនសង្ស័យយ៉ាងតិច៨នាក់ ដែលត្រូវបានចោទប្រកាន់ថា ទទួលខុសត្រូវចំពោះរចនាសម្ព័ន្ធ របស់ក្រុមនៅក្នុងមហាវិទ្យាល័យប៉ូលិស និងនិស្សិតសាលាប៉ូលិស ។

រដ្ឋាភិបាលក្រុងអង់ការ៉ាបានចោទ ប្រកាន់លោក Fethullah Gulen ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិកថា ជាមេក្លោងការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដែលក្នុងនោះមនុស្សយ៉ាងហោច ណាស់២៥០នាក់ត្រូវបានសម្លាប់ ។

ប្រទេសតួកគីស្នើសុំការធ្វើបត្យាប័ន លោក Gulen ប៉ុន្តែក្រុងវ៉ាស៊ីនតោនស្ទាក់ស្ទើរ ក្នុងការធ្វើបត្យាប័នបព្វជិតឥស្លាម និរទេសខ្លួនឯងដោយនិយាយថា ទីក្រុងអង់ការ៉ាមិនមានភស្តុតាង គ្រប់គ្រាន់ប្រឆាំង នឹងរូបគាត់នោះទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top