ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ក្នុង​នាម​ជា​គោលដៅបណ្តាក់​ទុន ​ចិន​នៅតែ​​មានកម្លាំង​ទាក់ទាញ​ខ្លាំង​ក្លា​ដដែល

ទិន្នន័យ​ដែល​ក្រសួង​ពាណិជ្ជកម្ម​ចិនចេញផ្សាយ​នា​ពេល​ថ្មីៗ​កន្លង​មក​បាន​បង្ហាញឱ្យ​ឃើញថា នៅខែ​មករា​ឆ្នាំ​នេះ មិន​បូករួម​ទាំង​វិស័យ​ធនាគារ មូលបត្រនិង​ការ​ធានា​រ៉ាប់​រង​ បរិមាណដើមទុនបរទេសដែល​ប្រទេស​ចិន​ប្រើ​ប្រាស់​ដោយ​ជាក់ស្តែង​បាន​ឡើង​ដល់​១សែន​២ពាន់​២៨០លាន​ប្រាក់យាន់​ចិន​ បាន​កើន​ជាង​១១.៦ភាគរយ​បើ​ប្រៀប​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​មុន ត្រូវ​ជា​១៥៨៤០លាន​ដុល្លារអាមេរិក ។ និយាយ​ចំពោះប្រទេស​ចិន​ តួលេខ​គួរ​ឱ្យ​កត់សម្គាល់​នេះ​មិន​ត្រឹម​តែ​មាន​ន័យ​ថា សម្រេច​បាន​នូវ​កិច្ច​ចាប់ផ្តើម​ដ៏​ល្អប្រសើរ​ក្នុង​ឆ្នាំ​នេះ​លើ​វិស័យ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ប៉ុណ្ណោះទេ ជាង​នេះទៅទៀត​ បាន​បញ្ចេញព័ត៌មាន​គន្លឹះ​មួយ​ទៅកាន់​មជ្ឈដ្ឋាន​ខាង​ក្រៅ ពោលគឺ៖អ្នកវិនិយោគទុនបរទេស​នៅតែ​មាន​ជំនឿ​ចិត្ត​ចំពោះ​ទីផ្សារ​ចិន​ ក្នុង​នាម​ជា​គោលដៅបណ្តាក់​ទុន ​ចិន​នៅតែ​​មាន​កម្លាំង​​ទាក់ទាញ​ខ្លាំង​ក្លា​ដដែល ។

      ហេតុអ្វីបានជា​អ្នក​វិនិយោគបរទេស​រីក​រាយ​បណ្តាក់​ទុន​នៅប្រទេ​សចិន​ គឺ​ដោយ​មក​ពី​ទីផ្សារចិន​អាច​នាំ​មក​នូវ​ផលកម្រៃជាទីគាប់ប្រសើរដល់​ពួក​គេ ។ ក្នុង​បរិបទ​ដែល​វីរុស​កូវីដ​១៩​នៅតែ​រីករាល​ដាល​យ៉ាង​ធ្ងន់​ធ្ងរ ការ​បណ្តាក់​ទុន​ផ្ទាល់​ពីបរទេស​នៅលើ​ពិភពលោក​នៅតែ​មានភាព​​ទន់​ខ្សោយ តែ​នៅប្រទេស​ចិន​ សហគ្រាស​បរទេស​បែរ​ជា​នាំគ្នា​បន្ថែម​បណ្តាក់​ទុន​ នេះជា​លទ្ធផល​នៃ​ការងារ​បង្ការ​និង​គ្រប់គ្រង​ជំងឺកូវីដ​១៩​ប្រកប​ដោយ​ប្រសិទ្ធភាព​ផង​ ហើយ​ក៏បាន​បង្ហាញ​ឱ្យ​ឃើញនូវ​ភាពទាក់ទាញ​របស់​ទីផ្សារ​ដ៏ធំធេង​ផង​ដែរ ។

      និយាយ​ចំពោះ​សហគ្រាស​ទុន​បរទេស​ ជា​បថម​ គឺ​ផ្តោតសំខាន់​ទៅលើ​សក្តានុពល​កំណើន​ជា​បន្ត​បន្ទាប់​ក្នុងទីផ្សារ​ធំ​របស់​ប្រទេស​ចិន​ ។ ទីផ្សារ​ដែល​មាន​សក្តានុពល​ដ៏​ធំ​ធេងបែប​នេះ​ធ្វើ​ឱ្យ​ទុនបរទេស​ពោពេញទៅដោយ​ជំនឿ​ចិត្ត​ ។ សហគ្រាស​ថ្មីដែ​ល​ចូល​ក្នុងទីផ្សារចិន​​រំពឹង​​ថា នឹង​ប្រកប​អាជីវកម្ម​ដោយ​មានភាព​នឹង​នរ រីឯ​ “មិត្ត​ភក្តិចាស់”​ដែល​បាន​បណ្តាក់​ទុន​ជា​ច្រើន​ឆ្នាំ​នៅ​ប្រទេស​ចិន​បាន​បង្ហាញពីគោលបំណង​ដែល​ចង់​បន្ត​ធ្វើ​អាជីវកម្ម​យ៉ាង​ស៊ីជម្រៅ ។

      មូលហេតុ​មួយ​ទៀត​ដែល​អ្នក​វិនិយោគ​បរទេស​​មាន​សុទិដ្ឋិនិយមចំពោះ​ទីផ្សារចិន​ គឺនៅត្រង់ “​បរិយាកាសទន់”នៃវិស័យ​វិនិយោគ​ចិនមានភាពកាន់​តែល្អ​ប្រសើរ​ជា​បន្ត​បន្ទាប់ ។ ប្រទេ​សចិន​បាន​អនុវត្ត​វិធានការ​ជាច្រើន​ដើម្បី​ពង្រីក​ការ​បើក​ទូលាយ​និង​ធ្វើ​ឱ្យ​បរិយាកាសប្រកបអាជីវកម្មមានភាព​កាន់​តែ​ល្អ​ ក្នុង​ន័យ​ធ្វើ​ឱ្យ​សហគ្រាស​ពហុជាតិ​ដែល​បណ្តាក់ទុន​នៅប្រទេស​ចិន​កាន់​តែ​ទុក​ចិត្ត​ ។

ផ្ទាំងពាណិជ្ជកម្ម

      នាពេល​កន្លង​ទៅ​ថី្មៗ​នេះ សភាពាណិជ្ជកម្មអាល្លឺម៉ង់​នៅចិន​និង​ទីភ្នាក់ងារKlynveld Peat Marwick Goerdeler បានចេញ​ផ្សាយ​របាយការណ៍​រួមស្ដីពីការពិនិត្យ​អង្កេត​ជំនឿ​ចិត្តខាង​ពាណិជ្ជកម្ម​ពីឆ្នាំ​២០២១-២០២២ ដោយ​បាន​បង្ហាញថា សហគ្រាស​អាល្លឺម៉ង់​ធ្វើ​អាជីវកម្ម​នៅចិន​មាន​ចំនួន​៧១ភាគរយ​​គ្រោង​នឹង​បន្ថែម​បណ្តាក់​ទុន​នៅប្រទេស​ចិន​ ។ ហើយ​លទ្ធផល​កម្រងសំនួររបស់​ក្រសួង​ពាណិជ្ជកម្ម​ចិន​នា​ពេល​ថ្មីៗ​កន្លង​ទៅនេះបាន​បង្ហាញថា ក្នុង​ចំណោម​សហគ្រាស​ទុនបរទស​ដ៏​ធំសំខាន់​ចំនួនជាង​៣ពាន់ មាន​សហគ្រាស​​​​ច្រើនដល់​៩៤.៩ភាគរយ​​មាន​សុទិដ្ឋិនិយមចំពោះការ​ធ្វើ​អាជីវកម្ម​នៅ​ចិន​នា​ពេល​អនាគត​ ។

      យោង​តាម​ «កិច្ច​ព្រម​ព្រៀង​ស្តីពី​ទំនាក់​ទំនង​ភាព​ជាដៃ​គូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​ក្នុង​តំបន់ »​​ចូល​ជា​ធរមានតាម​ពេល​កំណត់​នៅថ្ងៃទី​១ ខែ​មករាឆ្នាំ​នេះ នៅពេល​អនាគត​ កិច្ច​សហប្រតិបតិ្តការ​សេដ្ឋកិច្ច​ក្នុង​តំបន់​មុខជា​នឹង​បង្កបង្កើត​កាលា​នុវត្តភាព​បណ្តាក់​ទុក​នៅ​ប្រទេស​ចិន​កាន់​តែ​ច្រើន​ឡើង​ៗ ។ និយាយចំពោះ​សេដ្ឋកិច្ច​សកល​ដែលបាន​និង​កំពុង​​ងើប​ឡើង​វិញ​ដោយ​ទន់ខ្សោយ នេះក៏ជា​កាលា​នុវត្ត​ភាព​ដ៏មាន​តម្លៃណាស់ ។

      សម្លឹង​មើលទៅអនាគត ប្រទេស​ចិន​នឹង​បន្ត​បញ្ចេញ​សក្តានុពល​កំណើន​កាន់​តែ​ច្រើន​ បន្ត​ពង្រីក​ការ​បើក​ទូលាយ​ចំពោះ​បរទេស​ និងបង្ក​បង្កើត​បរិយាកាស​ប្រកប​អាជីវកម្ម​ដែល​ប្រកប​ដោយ​ទីផ្សារភាវូបនីយកម្ម នីតិកម្មនិងសកលភាវូបនីយកម្ម ក៏ដូច​ជា​ចែក​រំលែក​នូវ​ផល​ប្រយោជន៍​អភិវឌ្ឍ​សេដ្ឋកិច្ច​ដ៏​មាន​គុណភាព​កាន់​តែ​ច្រើន​ជាមួយពិភពលោក ។ អាច​ប៉ាន់ប្រមាណថា នឹង​មាន​សហគ្រាស​ពហុជាតិ​កាន់​តែ​ច្រើន​ឡើង​ៗ​យល់​ឃើញថា ការ​បណ្តាក់​ទុន​នៅចិន​ នឹង​ទទួល​បាន​កាលា​នុវត្ត​ភាព​កាន់​តែ​ច្រើន​និង​កាន់​តែធំ ៕

To Top