“គិតមកទល់បច្ចុប្បន្ននេះ ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងបានក្លាយជាការប្រកួតកីឡាអូឡាំពិករដូវរងាដែលមានទូរទស្សនិកជនច្រើនបំផុតក្នុងប្រវិត្តសាស្ត្រ! ” នៅថ្ងៃទី ១៦ ខែកុម្ភៈ ដំណឹងនេះដែលចេញផ្សាយដោយគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិនិងគណៈកម្មាធិការរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង បានធ្វើឱ្យពិភពលោកទាំងមូលចាប់អារម្មណ៍និងពិភាក្សាយ៉ាងច្រើន ។ នៅពេលមុននេះ ក្រុមហ៊ុនសេវាផ្សាយបន្តផ្ទាល់កីឡាអូឡាំពិកបានអះអាងថា ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងបានទទួលការចាប់អារម្មណ៍ពីសំណាក់មនុស្សចំនួនលើសពី ២ ពាន់លាននាក់នៅលើបណ្តាញទំនាក់ទំនងសង្គមជាសកល ។
សូមបញ្ជាក់ថា ចំនួនទូរទស្សនិកជននៃការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងដែលបានបំបែកកំណត់ត្រាថ្មី មិនត្រឹមតែទម្លុះទាំងស្រុងនូវអ្វីដែលហៅថា ការប៉ាន់ប្រមាណរបស់ប្រព័ន្ធសារព័ត៌មានលោកខាងលិចមួយចំនួនដែលថា ចំនួនទូរទស្សនិកជននៃការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងលើកនេះតិចតួចប៉ុណ្ណោះទេ ថែមទាំងក៏បានបង្ហាញយ៉ាងពេញលេញពីភាពក្លៀវក្លា ភាពសប្បាយរីករាយនិងចំណងមិត្តភាពដែលនាំមកដោយកីឡាព្រិលទឹកកក អាចចែករំលែកគ្នាជាមួយប្រជាជនទូទាំងពិភពលោក ក៏ដូចជាសាមគ្គីភាព កិច្ចសហប្រតិបត្តិការនិងក្តីសង្ឃឹមដែលបង្ហាញឱ្យឃើញដោយការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងអាចបំពេញបន្ថែមនូវជំនឿចិត្តនិងកម្លាំងទៅក្នុងបណ្តាប្រទេសនានាលើពិភពលោកផងដែរ ។
បើប្រៀបធៀបនឹងកាប្រកួតកីឡាអូឡាំពិករដូវក្តៅ កម្រិតយកចិត្តទុកដាក់ជាសកលចំពោះការប្រកួតកីឡាអូឡាំពិករដូវរងាគឺទាបបង្គួរ ។ តើហេតុអ្វីបានជាការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងអាចបំផុសនូវការចាប់អារម្មណ៍របស់ទូរទស្សនិកជននៅទូទាំងពិភពលោក ? មូលហេតុសំខាន់បំផុតមួយ គឺ វាបានឆ្លុះបញ្ចាំងពីការស្វែងរករួមរបស់មនុស្សជាតិទាំងមូលចំពោះស្មារតីអូឡាំពិក”កាន់តែលឿន កាន់តែខ្ពស់ កាន់តែខ្លាំងក្លានិងកាន់តែសាមគ្គីភាព” ក៏ដូចជានាំមកនូវកម្លាំងនិងភាពស្រស់ស្អាតជូនដល់ពិភពលោកទាំងមូលក្នុងគ្រាដ៏លំបាកនិងប្រមូលផ្តុំនូវកម្លាំងសាមគ្គីរបស់មនុស្សជាតិទាំងមូល ។
អ្នកផងទាំងពួងបានមើលឃើញថា នៅលើសង្វៀនប្រកួតនៃព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងមានរឿងរ៉ាវគួរឱ្យរំភើបចិត្តកាន់តែច្រើន ។ រឿងរ៉ាវទាំងនេះដែលតំណាងឱ្យការខិតខំយ៉ាងស្វិតស្វាញ ការតស៊ូព្យាយាមនិងចំណងមិត្តភាពរបស់មនុស្សជាតិត្រូវបានបញ្ជូនទៅកាន់តំបន់នានានៅទូទាំងពិភពលោកគ្រប់ពេលវេលាតាមរយៈការផ្សាយបន្តផ្ទាល់ ។
ទន្ទឹមនឹងនេះ ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងបានបើកបង្អួចមួយទៀតសម្រាប់ពិភពលោកដើម្បីបង្ហាញពីភាពអស្ចារ្យនិងកម្លាំងទាក់ទាញរបស់ចិន ។ ខណៈពេលអ្នកផងទាំងពួងបានទស្សនាពិធីបើកការប្រកួតកីឡាអូឡាំពិកក្រុងប៉េកាំងដែលរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាឌីជីថលនិងការច្នៃប្រឌិតថ្មីខាងសោភ័ណភាព ខណៈពេលអត្តពលិកមកពីបណ្តាប្រទេសនានាបានមើលឃើញវិធានការបង្ការជំងឺកូវីដ ១៩ ប្រកបដោយសុក្រឹតភាពក្នុងកីឡដ្ឋានកីឡាអូឡាំពិករដូវរងា និងកោតសរសើរមនុស្សយន្តក្នុង”ភោជនីយដ្ឋានវៃឆ្លាត”អាចបញ្ជូនម្ហូបទៅដល់មុខអ្នកហៅម្ហូបតាមរយៈប្រព័ន្ធបញ្ជូនម្ហូប ខណៈពេលអត្តពលិកអាមេរិកមានទឹកចិត្តរំភើបស្ទើរស្រក់ទឹកភ្នែកដោយសារភាពរាក់ទាក់កក់ក្តៅរបស់អ្នកស្ម័គ្រចិត្ដចិន ។ល។ ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងបានបង្ហាញពីរូបភាពរបស់ចិនតាមរបៀបពិតប្រាកដនិងជាក់ស្តែងដែលមានភាពខុសប្លែកពីអ្វីដែលប្រព័ន្ធសារព័ត៌មានលោកខាងលិចមួយចំនួនបានរៀបរាប់ ។
អាចប៉ាន់ប្រមាណថា ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងមុខជានឹងចារជាប្រវតិ្តសាស្ត្រដ៏មហិមាក្នុងប្រវត្តិសាស្ត្រអូឡាំពិករយៈពេលជាង ១០០ ឆ្នាំជាក់ជាមិនខាន ។ ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងដែលប្រកបដោយស្មារតីសាមគ្គីភាពមិនត្រឹមតែនឹងក្លាយជាអនុស្សាវរីយ៍ដ៏ល្អបវរសម្រាប់អ្នកផងទាំងពួងប៉ុណ្ណោះទេ ថែមទាំងក៏នឹងក្លាយជាកម្លាំងចលករនៃការវិវឌ្ឍរីកចម្រើនទៅមុខ ក្នុងន័យលើកទឹកចិត្តឱ្យពិភពលោកទាំងមូលរួមគ្នាឆ្ពោះទៅអនាគត !