ព័ត៌មានអន្តរជាតិ

ចិន ស្តីបន្ទោសអាមេរិក ជុំវិញយុទ្ធសាស្ត្រទប់ស្កាត់

បរទេស៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានប្រាប់សមភាគីអាមេរិក លោក Antony Blinken ក្នុងការហៅទូរស័ព្ទកាលពីថ្ងៃអង្គារថា ផែនការរបស់សហរដ្ឋអាមេរិក សម្រាប់អាស៊ីអាគ្នេយ៍ បានដាក់ឱ្យខ្លួននៅលើផ្លូវមួយ សម្រាប់ការប្រឈមមុខ ជាមួយទីក្រុងប៉េកាំង។ លោកបាននិយាយសំដៅទៅលើ យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក ដែលទើបធ្វើបច្ចុប្បន្នភាព របស់ក្រុងវ៉ាស៊ីនតោន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ផែនការឯកសារនេះបានកំណត់អត្តសញ្ញាណប្រទេសចិនថាជា “ការប្រឈម” ដ៏ធ្ងន់ធ្ងរមួយសម្រាប់គោលនយោបាយ ការបរទេសរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ ហើយបានចោទរដ្ឋាភិបាលទីក្រុងប៉េកាំង ពី “ការបង្ខិតបង្ខំ និងការឈ្លានពាន” ដែល “រីករាលដាលពាសពេញពិភពលោក ប៉ុន្តែវាមានលក្ខណៈធ្ងន់ធ្ងរបំផុត នៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក” ។

លោក Wang បានប្រាប់ លោក Blinken ថា ឯកសារនេះកំពុងបញ្ជូនសញ្ញាខុសដែលថា “សកម្មភាពរបស់ប្រទេសចិន” គឺជាអាទិភាពកំពូល សម្រាប់ទីក្រុងវ៉ាស៊ីនតោន។

មហាអំណាចទាំងពីរប្រកួតប្រជែង និងសហការគ្នាក្នុងវិស័យផ្សេងៗ ហើយមិនអាចអនុញ្ញាត ឱ្យមានការប្រកួតប្រជែង ដើម្បីកំណត់ទំនាក់ទំនង របស់ពួកគេបានឡើយ ដោយរដ្ឋមន្ត្រីបានព្រមានថា ប្រសិនបើទស្សនៈរបស់មន្ត្រីអាមេរិក ដែលស្វែងរកការកើនឡើងនៃ ការប្រកួតប្រជែងរបស់ចិន នោះវានឹងនាំឱ្យមានការប្រឈមមុខ ដាក់គ្នាពេញទំហឹង ៕

ប្រែសម្រួលៈ ណៃ តុលា

To Top