ព័ត៌មានអន្តរជាតិ

កុមារអាមេរិកជាង ១២លាន ៥សែននាក់ ឆ្លងជំងឺកូវីដ-១៩

វ៉ាស៊ីនតោន៖ កុមារជាង ១២,៥ លាននាក់នៅសហរដ្ឋអាមេរិក បានធ្វើតេស្តវិជ្ជមាន សម្រាប់ជំងឺកូវីដ-១៩ ចាប់តាំងពីការចាប់ផ្តើម នៃជំងឺរាតត្បាត នេះបើយោងតាមរបាយការណ៍ថ្មីមួយ ដែលបានចេញផ្សាយ កាលពីថ្ងៃអង្គារ ដោយ American Academy of Pediatrics (AAP) និងសមាគមមន្ទីរពេទ្យកុមារ។

យោងតាមរបាយការណ៍បានឱ្យដឹងថា ករណីកុមារឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១២,៥១៥,៣៩១នាក់ ត្រូវបានរាយការណ៍ នៅទូទាំងប្រទេសគិតត្រឹមថ្ងៃទី១៧ ខែកុម្ភៈ ហើយកុមារតំណាងឱ្យ ១៩ភាគរយ នៃករណីឆ្លង ដែលត្រូវបានបញ្ជាក់ទាំងអស់ នៅក្នុងប្រទេស នេះបើយោងតាមរបាយការណ៍។

ករណីឆ្លងជំងឺកូវីដ-១៩ ក្នុងចំណោមកុមារ បានកើនឡើងយ៉ាងខ្លាំង នៅទូទាំងសហរដ្ឋអាមេរិក អំឡុងពេលមានការកើនឡើង នៃការប្រែប្រួល នៃទម្រង់ឆ្លងថ្មីអូមីក្រុង។

ករណីកុមារជាង ៤,៦លាន ត្រូវបានរាយការណ៍ ចាប់តាំងពីដើមខែមករា។ សម្រាប់សប្តាហ៍ ដែលបញ្ចប់នៅថ្ងៃទី១៧ ខែកុម្ភៈ ករណីឆ្លងជំងឺកូវីដ-១៩ បន្ថែមលើកុមារជិត ១៧៥០០០នាក់ ត្រូវបានរាយការណ៍ នេះបើយោងតាមរបាយការណ៍។

ទោះបីជាការកើនឡើងប្រចាំសប្តាហ៍ បានធ្លាក់ចុះយ៉ាងខ្លាំងពីកម្រិតកំពូល នៃ ១,១៥០,០០០ ករណី ដែលបានរាយការណ៍នៅសប្តាហ៍ ដែលបញ្ចប់នៅថ្ងៃទី២០ ខែមករាក៏ដោយ ករណីកុមារនៅសប្តាហ៍នេះ “នៅតែស្ថិតក្នុងកម្រិតខ្ពស់ណាស់”៕ ដោយ ឈូក បូរ៉ា

To Top