ព្រុចសែល៖ ប្រធានគណៈកម្មការអឺរ៉ុប លោក Ursula von der Leyen បានព្រមានថា សហភាពអឺរ៉ុប (EU) ត្រៀមខ្លួនជាស្រេច ដើម្បីចាត់វិធានការបន្ថែមទៀត ប្រឆាំងនឹងប្រទេសរុស្ស៊ី ប្រសិនបើប្រទេសនេះ បន្តធ្វើឱ្យវិបត្តិកាន់តែធ្ងន់ធ្ងរឡើង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក von der Leyen បានលើកឡើងថា ប្រទេសជាសមាជិកសហភាពអឺរ៉ុប បានផ្តល់ការយល់ព្រម ផ្នែកនយោបាយរបស់ពួកគេ ចំពោះកញ្ចប់ទណ្ឌកម្មថ្មី ប្រឆាំងនឹងប្រទេសរុស្ស៊ី បន្ទាប់ពីការទទួលស្គាល់របស់ខ្លួន អំពីឯករាជ្យភាពនៃតំបន់ Donetsk និង Luhansk របស់អ៊ុយក្រែន។
កញ្ចប់ទណ្ឌកម្មនេះមាន “វិធានការក្រិតតាមខ្នាត” មួយចំនួន ដែលផ្តោតលើធនាគារ ដែលផ្តល់ហិរញ្ញប្បទាន ដល់ឧបករណ៍យោធារុស្ស៊ី និងរួមចំណែកដល់អស្ថិរភាព នៃប្រទេសអ៊ុយក្រែន។
ខ្លួនក៏ហាមឃាត់ការធ្វើពាណិជ្ជកម្ម រវាងតំបន់ដាច់ពីគ្នាពីរ និងសហភាពអឺរ៉ុប ដូចដែលខ្លួនបានធ្វើជាមួយគ្រីមៀក្នុងឆ្នាំ២០១៤ និងកំណត់សមត្ថភាព របស់រដ្ឋាភិបាលរុស្ស៊ី ក្នុងការបង្កើនដើមទុននៅលើទីផ្សារហិរញ្ញវត្ថុ របស់សហភាពអឺរ៉ុប។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីល្ងាចថ្ងៃច័ន្ទ បានចុះហត្ថលេខាលើក្រឹត្យ ដែលទទួលស្គាល់ឯករាជ្យ នៃតំបន់ប្រកាសដោយខ្លួនឯងពីរ នៅតំបន់ Donbass ភាគខាងកើតអ៊ុយក្រែនជា “សាធារណរដ្ឋប្រជាមានិត Lugansk (LPR)” និង “សាធារណរដ្ឋប្រជាមានិត Donetsk (DPR)” ៕ ដោយ៖ ឈូក បូរ៉ា