ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីអ៊ីតាលី អំពាវនាវឲ្យមានកិច្ចចរចា លើវិបត្ដិនៅអ៊ុយក្រែន

រ៉ូម៖ នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Mario Draghi បានលើកឡើងថា ការសន្ទនា គឺជាគន្លឹះក្នុងការដោះស្រាយ វិបត្តិអ៊ុយក្រែន ដោយព្រមានថាសហភាពអឺរ៉ុប (EU) កំពុងរៀបចំទណ្ឌកម្ម ប្រឆាំងនឹងរុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ការកត់សម្គាល់របស់លោកបានធ្វើឡើង បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃចន្ទ បានប្រកាសទទួលស្គាល់ “សាធារណរដ្ឋប្រជាមានិត Lugansk” និង “សាធារណរដ្ឋប្រជាមានិត Donetsk” នៅតំបន់ Donbass ភាគខាងកើតអ៊ុយក្រែន ជារដ្ឋឯករាជ្យ និងអធិបតេយ្យភាព។

លោក Draghi បានសង្កត់ធ្ងន់ថា “ការសន្ទនានៅតែមានសារៈសំខាន់ ខណៈដែលលោកថ្លែងសុន្ទរកថា ក្នុងពិធីបើកជាផ្លូវការ នៃឆ្នាំវិនិច្ឆ័យរបស់ក្រុមប្រឹក្សារដ្ឋ នៅទីក្រុងរ៉ូម”។

លោកបានលើកឡើងថា ទង្វើរបស់រុស្ស៊ី គឺជា “ការរំលោភ ដែលមិនអាចទទួលយកបាន នៃអធិបតេយ្យភាព ប្រជាធិបតេយ្យ និងបូរណភាពទឹកដី របស់អ៊ុយក្រែន ហើយខ្ញុំកំពុងទាក់ទងជានិច្ច ជាមួយសម្ព័ន្ធមិត្តរបស់យើង ដើម្បីស្វែងរកដំណោះស្រាយ ដោយសន្តិវិធី ចំពោះវិបត្តិនេះ” ។

លោកបានបន្តថា “នៅក្នុងសហភាពអឺរ៉ុប យើងកំពុងកំណត់វិធានការ និងទណ្ឌកម្មប្រឆាំង នឹងរុស្ស៊ីរួចហើយ”។ យោងតាមលោក ពូទីន ប្រទេសរុស្ស៊ី បានចាត់ទុកការទទួលស្គាល់ តំបន់ Donbass “សាធារណរដ្ឋ” ទាំងពីរ ជាជំហានចាំបាច់ ដើម្បីការពារខ្លួន ពីមហាអំណាចលោកខាងលិច ដែលត្រូវបានចោទប្រកាន់ថា ជាមនុស្សខ្វាក់ភ្នែក ចំពោះកង្វល់សន្តិសុខរបស់រុស្ស៊ី និងដើម្បីការពារពលរដ្ឋ ដែលគាំទ្ររុស្ស៊ី នៅក្នុងប្រទេសទាំងពីរ៕ ដោយ ឈូក បូរ៉ា

To Top