ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី អ៊ីរ៉ង់ ជំរុញ ឲ្យ មានការ តស៊ូ ជាអន្ដរជាតិ ប្រឆាំង នឹង ទណ្ឌកម្ម ដ៏ ឃោរឃៅ របស់ អាមេរិក

តេអេរ៉ង់៖ ប្រធានាធិបតី អ៊ីរ៉ង់ លោក Ebrahim Raisi បានជំរុញសហគមន៍អន្តរជាតិ ឱ្យទប់ទល់នឹង “ទណ្ឌកម្មដ៏ឃោរឃៅ ” ឯកតោភាគី របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងឧស្សាហកម្មប្រេង និងឧស្ម័នរបស់ប្រទេសដទៃទៀត នេះបើយោងតាមគេហទំព័រ របស់ប្រធានាធិបតីអ៊ីរ៉ង់។

ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលលើកទី៦ នៃវេទិកាប្រទេសនាំចេញឧស្ម័ន (GECF) ដែលមានសមាជិកចំនួន ១១ប្រទេស នៅទីក្រុងដូហា លោក Raisi បានកត់សម្គាល់ថា ការដាក់ឆន្ទៈអនុត្តរភាព និង ការទាមទារលើរដ្ឋឯករាជ្យផ្សេងទៀត តាមរយៈការដាក់ទណ្ឌកម្ម មិនអាចជាយុទ្ធសាស្ត្រ ដ៏មានប្រសិទ្ធភាពមួយ នៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ ព្រោះវាធ្វើឱ្យប៉ះពាល់ដល់ផល ប្រយោជន៍រួមរបស់ សមាជិក GECF ។

អ៊ីរ៉ង់ ក្នុងនាមជាប្រទេសមួយ ក្នុងចំណោមម្ចាស់ទុនបំរុងឧស្ម័នធម្មជាតិ ដ៏ធំបំផុតរបស់ពិភពលោក មានសមត្ថភាពផលិត ផ្ទេរ និងនាំចេញផលិតផល អ៊ីដ្រូកាបូន ហើយព្យាយាមដើរតួនាទីកាន់តែធំក្នុងការធានាសន្តិសុខ ថាមពលពិភពលោក ដោយការពង្រីកកិច្ចសហប្រតិបត្តិការ ទ្វេភាគី និងពហុភាគីជាមួយប្រទេសជិតខាង និងប្រទេសផ្សេងៗទៀត ។

លោក Raisi បានបន្ថែមថា យុទ្ធសាស្ត្រក្នុង តំបន់របស់អ៊ីរ៉ង់ គឺផ្អែក លើការបង្កើនការផលិត និងការនាំចេញឧស្ម័ន និងការផ្តល់ឱ្យប្រទេស ក្នុងតំបន់នូវលទ្ធភាព ទទួលបានអតិបរមា នូវឥន្ធនៈស្អាត។

ប្រធានាធិបតីអ៊ីរ៉ង់ បានអំពាវនាវឱ្យសហគមន៍ អន្តរជាតិគាំទ្រគំនិតផ្តួចផ្តើមពហុភាគី ដែលមានគោលបំណងធានាសន្តិសុខ នៃការផ្គត់ផ្គង់ថាមពលប្រកបដោយនិរន្តរភាព និង ការការពារបរិស្ថាន៕

ដោយ ឈូក បូរ៉ា

To Top