ព័ត៌មានអន្តរជាតិ

មេដឹកនាំកំពូលរុស្ស៊ី និងតួកគី ជួបពិភាក្សាគ្នា ជុំវិញវិបត្ដិនៅអ៊ុយក្រែន

ម៉ុស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន និងប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃពុធ ដើម្បីពិភាក្សាអំពីវិបត្តិអ៊ុយក្រែន និងការធានាសន្តិសុខរវាងរុស្ស៊ី និងលោកខាងលិច។

ទាក់ទងនឹងការទទួលស្គាល់របស់រុស្ស៊ី ចំពោះ “សាធារណរដ្ឋ” ទាំងពីរនៅតំបន់ដុនបាស ភាគខាងកើតអ៊ុយក្រែន លោក ពូទីន បានកត់សម្គាល់ “ការឈ្លានពានរបស់អាជ្ញាធរអ៊ុយក្រែននៅតំបន់ដុនបាស និងការបដិសេធដាច់ខាតរបស់ពួកគេក្នុងការអនុវត្តកិច្ចព្រមព្រៀងមីនស៍” នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំង។

ចំពោះសំណើសន្តិសុខរបស់ទីក្រុងម៉ូស្គូ លោក ពូទីន បានសម្តែងការខកចិត្ត ចំពោះការឆ្លើយតបរបស់សហរដ្ឋអាមេរិក និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ខណៈដែលពួកគេមិនអើពើចំពោះកង្វល់ និងការទាមទារស្របច្បាប់របស់រុស្ស៊ី។

គួរបញ្ជាក់ថា មេដឹកនាំកំពូល នៃប្រទេសទាំពីរ បានយល់ព្រមបន្តទំនាក់ទំនងរុស្ស៊ី-តួកគីក្នុងទម្រង់ផ្សេងៗទៀតផងដែរ៕
ដោយ ឈក បូរ៉ា

To Top