ព័ត៌មានអន្តរជាតិ

ប្រមុខយូអិន ថ្កោលទោសការចាប់ខ្លួន កងរក្សាសន្ដិភាព នៅអាហ្វ្រិកកណ្ដាល ដោយជំរុញឲ្យមានការដោះលែងជាបន្ទាន់

យូអិន៖ អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការចាប់ខ្លួនសមាជិកចំនួន ៤ នាក់ នៃបេសកកម្មរក្សាស្ថិរភាពចម្រុះរបស់អង្គការ សហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល (MINUSCA) ហើយបានអំពាវនាវ ឱ្យមានការដោះលែងជាបន្ទាន់។

កងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ត្រូវបានចាប់ខ្លួន ដោយកងអាវុធហត្ថសាធារណៈ រដ្ឋអាហ្រ្វិកកណ្តាល (CAR) នៅទីក្រុង Bangui កាលពីថ្ងៃចន្ទ ខណៈពេលដែល អមដំណើរមន្ត្រីយោធាជាន់ខ្ពស់ នៃបេសកកម្ម។

អគ្គលេខាធិការបានសង្កត់ធ្ងន់ថា យោងតាមកិច្ចព្រមព្រៀង ស្ថានភាពកងកម្លាំងឆ្នាំ២០១៤ រវាងអង្គការសហប្រជាជាតិ និងរដ្ឋាភិបាលនៃសាធារណៈរដ្ឋអាហ្វ្រិកកណ្ដាល CAR ទាក់ទងនឹង MINUSCA សមាជិក MINUSCA ទាំងនេះទទួលបានឯកសិទ្ធិ និងអភ័យឯកសិទ្ធិ ដែលត្រូវបានកាន់កាប់ ជាផលប្រយោជន៍ របស់អង្គការសហប្រជាជាតិ។

មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ បានរំលឹកថា កិច្ចព្រមព្រៀងស្ថានភាពកងកម្លាំងឆ្នាំ២០១៤ បង្កើតនីតិវិធីជាក់លាក់មួយ ក្នុងករណីដែលសមាជិកនៃ MINUSCA ត្រូវបានសង្ស័យដោយអាជ្ញាធរនៃ CAR ថាបានប្រព្រឹត្តបទល្មើស។  លោកអគ្គលេខាធិការ​បាន​កត់​សម្គាល់​ថា នីតិវិធី​នេះ​មិន​ត្រូវ​បាន​អនុវត្ត​ក្នុង​ករណី​បច្ចុប្បន្ន​នេះ​ទេ។

លោក Guterres បានអំពាវនាវដល់រដ្ឋាភិបាលនៃ CAR ឱ្យគោរពតាមកាតព្វកិច្ចទាំងអស់របស់ខ្លួន ក្រោមច្បាប់អន្តរជាតិ រួមទាំងកិច្ចព្រមព្រៀងស្ថានភាពនៃកងកម្លាំង ហើយដោះលែងបុគ្គលិក MINUSCA ទាំងនេះ “ដោយគ្មានលក្ខខណ្ឌ និងដោយគ្មានការពន្យារពេលឡើយ”៕ ដោយ ឈូក បូរ៉ា

To Top