ប៉េកាំង ៖ អ្នកនាំពាក្យ ក្រសួងការបរទេស លោកស្រី Hua Chunying បាន ធ្វើ ការកត់សម្គាល់ នៅ ក្នុងសន្និសីទ សារព័ត៌មាន ប្រចាំ ថ្ងៃមួយថា ប្រទេស ចិន បាន ជំរុញ ឱ្យភាគី ទាំងអស់រក្សាភាពត្រជាក់ និងស្វែងរកដំណោះស្រាយ ចំពោះបញ្ហា អ៊ុយក្រែន តាម រយៈ ការ ចរចា។
លោកស្រី Hua បានឲ្យដឹងនៅក្នុងការឆ្លើយតបទៅនឹងសំណួរ ស្តីពីទណ្ឌកម្ម ដែលបានប្រកាសថ្មីៗនេះប្រឆាំងនឹងរុស្ស៊ី ចំពោះសកម្មភាពរបស់ខ្លួន ចំពោះអ៊ុយក្រែនថា “ទណ្ឌកម្មមិនមែនជាមធ្យោបាយ មានប្រសិទ្ធភាពជាមូលដ្ឋាន ក្នុងការដោះស្រាយបញ្ហានោះទេ ហើយចិន តែងតែប្រឆាំង រាល់ទណ្ឌកម្មឯកតោភាគី ខុសច្បាប់” ។
លោកស្រីបន្ដថា “តើ ទណ្ឌកម្ម របស់ សហរដ្ឋ អាមេរិក បាន ដោះស្រាយ បញ្ហា អ្វី ទេ? តើ ពិភពលោក ជា កន្លែង ប្រសើរ ជាង មុន ដោយសារ ទណ្ឌកម្ម ទាំង នោះ?” លោកស្រីបានសួរថា ការបន្ថែមទណ្ឌកម្មឯកតោភាគីខុសច្បាប់ ដែលដាក់ ដោយប្រទេស ដូចជាសហរដ្ឋអាមេរិក បានបង្កការលំបាកយ៉ាងខ្លាំង ដល់សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន នៅក្នុងប្រទេសដែលពាក់ព័ន្ធ។
លោកស្រី Hua បានលើកឡើងថា ចំពោះបញ្ហាអ៊ុយក្រែន នាពេលថ្មីៗនេះ សហរដ្ឋអាមេរិក បាននិងកំពុងបញ្ជូនអាវុធទៅកាន់អ៊ុយក្រែន ដោយជំរុញឱ្យមានភាពតានតឹង បង្កើតការភ័យស្លន់ស្លោ និងថែមទាំងធ្វើឱ្យមានការកើនឡើង នូវលទ្ធភាពនៃសង្រ្គាមទៀតផង។
លោកស្រីបន្ថែមថា វា បាន ចាក់ ប្រេង លើ អណ្តាតភ្លើង ហើយ ប្រព្រឹត្ត ដោយមិនទទួលខុសត្រូវ និង អសីលធម៌។ លោកស្រីបានហៅសហរដ្ឋអាមេរិកថា ជាពិរុទ្ធជននៃភាពតានតឹងនា ពេលបច្ចុប្បន្នជុំវិញអ៊ុយក្រែន។
លោកស្រី Hua បានបញ្ជាក់ថា “នៅក្រោមកាលៈទេសៈបច្ចុប្បន្ន ទ្វារទៅកាន់ដំណោះស្រាយ ដោយសន្តិវិធីនៃបញ្ហាអ៊ុយក្រែន មិនត្រូវបានបិទទាំងស្រុង នោះទេ” ដោយកត់សម្គាល់ថា ភាគីរុស្ស៊ីបាននិយាយម្តងហើយម្តងទៀតថា ខ្លួនមិនមានចេតនាធ្វើសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែននោះទេ ហើយត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើកិច្ចសន្ទនាជាមួយភាគីពាក់ព័ន្ធ ស្តីពីការចូលជាសមាជិកណាតូ របស់អ៊ុយក្រែន៕
ដោយ ឈូក បូរ៉ា
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									