ព័ត៌មានអន្តរជាតិ

រុស្ស៊ី ប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងមាត់ចំពោះទណ្ឌកម្មថ្មីរបស់អាមេរិក

ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា ប្រទេសរុស្ស៊ីនឹងផ្តល់ “ការឆ្លើយតបយ៉ាងខ្លាំង” ចំពោះទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក “មិនចាំបាច់ស៊ីមេទ្រី” ប៉ុន្តែ “រសើប” ដល់ទីក្រុងវ៉ាស៊ីនតោន។

បន្ទាប់ពីការទទួលស្គាល់របស់ទីក្រុងម៉ូស្គូ ចំពោះ “សាធារណរដ្ឋ” ទាំងពីរនៅតំបន់ដុនបាស ភាគខាងកើតអ៊ុយក្រែន សហរដ្ឋអាមេរិក បានប្រកាសកញ្ចប់នៃការរឹតបន្តឹងដែលផ្តោតលើវិស័យហិរញ្ញវត្ថុរបស់រុស្ស៊ី។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ការដាក់ទណ្ឌកម្ម គឺស្របទៅនឹងការប៉ុនប៉ង ដែលកំពុងបន្តរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បី “ផ្លាស់ប្តូរផ្លូវរបស់រុស្ស៊ី” នេះបើយោងតាមការចុះផ្សាយរបស់ទី ភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្រសួងបានសង្កត់ធ្ងន់ថា រុស្ស៊ីបានបង្ហាញឱ្យឃើញថា ខ្លួនអាចកាត់បន្ថយការខូចខាតពីទណ្ឌកម្មរបស់លោកខាងលិច ហើយសម្ពាធបានបរាជ័យក្នុងការធ្វើឱ្យខូចដល់ការប្តេជ្ញាចិត្តរបស់រុស្ស៊ីក្នុងការការពារយ៉ាងម៉ឺងម៉ាត់នូវផលប្រយោជន៍របស់ខ្លួន។

ប្រភពបានបញ្ជាក់ថា “នៅក្នុងឃ្លាំងអាវុធនៃគោលនយោបាយការបរទេសរបស់អាមេរិក គ្មានមធ្យោបាយណាផ្សេងក្រៅពីការបង្ខូចកេរ្តិ៍ឈ្មោះ ការបំភិតបំភ័យ និងការគម្រាមកំហែងឡើយ។ ទាក់ទងនឹងមហាអំណាចពិភពលោក ជាពិសេសរុស្ស៊ី និងតួអង្គអន្តរជាតិសំខាន់ៗផ្សេងទៀត វាមិនដំណើរការនោះទេ”៕

ដោយ ឈូក បូរ៉ា

To Top