ព័ត៌មានអន្តរជាតិ

Update: បណ្តាញសង្គមយក្ស Facebook, Google និង Twitter ចាត់វិធានការ លើប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី

បរទេស៖ Facebook និង Twitter បាននិយាយកាលពីថ្ងៃសៅរ៍ថា ពួកគេបានរារាំងប្រព័ន្ធផ្សព្វផ្សាយ ដែលភ្ជាប់ដោយរដ្ឋរបស់រុស្ស៊ីពីការផ្សាយពាណិជ្ជកម្ម ឬរកប្រាក់ចេញ ពីវេទិការបស់ពួកគេ ដើម្បីឆ្លើយតបទៅនឹងប្រតិបត្តិការយោធា របស់ទីក្រុងម៉ូស្គូទៅលើប្រទេសអ៊ុយក្រែន។ 

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា Nathaniel Gleicher ប្រធានផ្នែកសន្តិសុខគោលនយោបាយនៅ Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook បាននិយាយថា “ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ី” ត្រូវបានហាមឃាត់មិនឱ្យ “ដំណើរការការផ្សាយពាណិជ្ជកម្ម ឬរកប្រាក់នៅលើវេទិកា របស់យើងគ្រប់ទីកន្លែងក្នុងពិភពលោក” ។ 

ចំណែក Twitter បាននិយាយថា ខ្លួនកំពុងផ្អាកការផ្សាយពាណិជ្ជកម្ម ជាបណ្ដោះអាសន្ន ក្នុងប្រទេសអ៊ុយក្រែន និងរុស្ស៊ី ដើម្បីធានាថា ព័ត៌មានមានសុវត្ថិភាពសាធារណៈសំខាន់ៗ ត្រូវបានកើនឡើង ហើយការផ្សាយពាណិជ្ជកម្មមិនរំខានពីវាឡើយ។ 

មុននេះ Google បាននិយាយថា ខ្លួនកំពុងរារាំងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់រុស្ស៊ី ពីការរកប្រាក់ពីការផ្សាយពាណិជ្ជកម្មនៅលើគេហទំព័រ កម្មវិធី និង YouTube របស់ពួកគេ ដោយលើកឡើងពី “ស្ថានភាពមិនធម្មតានៅក្នុងអ៊ុយក្រែន” ៕ ប្រែសម្រួលៈ ណៃ តុលា

To Top