ព័ត៌មានអន្តរជាតិ

បារាំង អំពាវនាវឲ្យពលរដ្ឋ របស់ខ្លួនចាកចេញពីរុស្ស៊ី និងបេឡារុស្សជាបន្ទាន់

ប៉ារីស៖ ដោយសារតែការបិទ ដែនអាកាសសហភាពអឺរ៉ុប ទៅកាន់រុស្ស៊ី ក្រសួងការបរទេសបារាំង បានស្នើកាលពីថ្ងៃអាទិត្យ ឲ្យជនជាតិរបស់ខ្លួន ចាកចេញពីរុស្ស៊ីជាបន្ទាន់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្រសួងបារាំងបានឲ្យដឹង នៅក្នុងសេចក្តីជូនដំណឹង អំពីការធ្វើដំណើរចុងក្រោយថា “ដោយសារតែការរឹតត្បិតកាន់តែខ្លាំងឡើង លើចរាចរណ៍ផ្លូវអាកាសរវាងរុស្ស៊ី និងអឺរ៉ុប ខ្លួនត្រូវបានណែនាំយ៉ាងមុតមាំថា ជនជាតិបារាំង ដែលមិនមែនជានិវាសនជន នៅក្នុងប្រទេសរុស្ស៊ី រៀបចំការចាកចេញពីប្រទេស ដោយមិនមានការពន្យារពេល ដោយបណ្តាញភ្ជាប់ផ្លូវអាកាស ដែលមានស្រាប់”។

យោងតាមក្រសួង ក្រុមហ៊ុនអ៊ឺរ៉ុបភាគច្រើន រួមទាំងក្រុមហ៊ុន Air France បានផ្អាកការហោះហើរ នៅល្ងាចថ្ងៃអាទិត្យម្សិលមិញនេះ ទាំងក្នុង និងក្រៅប្រទេសរុស្ស៊ី បន្ទាប់ពីសហភាពអឺរ៉ុប បានសម្រេចបិទដែនអាកាសរបស់ខ្លួន ទៅកាន់ប្រទេសរុស្ស៊ី។

នៅក្នុងសេចក្តីជូនដំណឹង អំពីការធ្វើដំណើរ ជាលើកទីពីរ ទាក់ទងនឹងប្រទេសបេឡារុស្ស ក្រសួងក៏បានស្នើឲ្យជនជាតិខ្លួន ចាកចេញពីប្រទេសបេឡារុស្សជាបន្ទាន់ ទោះបីមានព្រំដែនដីគោកក៏ដោយ។

ប្រភពបានឲ្យដឹងថា “ជនជាតិបារាំង នៅប្រទេសបេឡារុស្ស ត្រូវបានអញ្ជើញឱ្យចាកចេញ ពីប្រទេសដោយមិនបង្អង់យូរ តាមផ្លូវថ្នល់តាមរយៈចំណុច ឆ្លងកាត់ព្រំដែនជាមួយប្រទេសលីទុយអានី ប៉ូឡូញ ឬឡាតវី” ៕

ប្រែសម្រួលដោយ ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top