ប៉ូឡូញ៖ វាជារាត្រីដ៏ត្រជាក់មួយ ក្នុងទីក្រុង Medyka ភាគអាគ្នេយ៍ នៃទីក្រុងប៉ូឡូញ ជាប់ព្រំដែនជាមួយអ៊ុយក្រែន នៅទីនោះជនភៀសខ្លួនអ៊ុយក្រែន ដែលមានរបួសញ័រខ្លួន ខណៈពួកគេតម្រង់ជួរឆ្លងព្រំដែន ចូលប្រទេសប៉ូឡូញ។
ដោយបានភៀសខ្លួន ចេញពីផ្ទះរបស់ពួកគេ ដើម្បីគេចចេញពីជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន ពួកគេសង្ឃឹមថានឹងស្វែងរកទីជម្រក និងសុវត្ថិភាពនៅកន្លែងផ្សេង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នៅថ្ងៃដំបូងនៃប្រតិបត្តិការ យោធារបស់រុស្ស៊ី ឆ្មាំព្រំដែនប៉ូឡូញបានឲ្យដឹងថា មនុស្ស ២៩០០០នាក់ បានមកដល់ប៉ូឡូញ។ តួលេខនេះឥឡូវបានកើនឡើង ដល់ជាង ១០ម៉ឺននាក់ហើយ។

អ្នកខ្លះមានសំណាង។ រថយន្តរាប់សិបគ្រឿង និងរថយន្តក្រុងតូចៗ រង់ចាំនៅចំណត នៅព្រំដែនដើម្បីទទួលមិត្តភក្តិ និងសាច់ញាតិជនជាតិអ៊ុយក្រែន។ យ៉ាងណាក៏ដោយ អ្នកខ្លះទៀតមិនសូវមានសំណាងទេ៖ ពួកគេដើរជុំវិញមើលទៅមិនច្បាស់ សួរព័ត៌មានដដែលៗ។
សូម្បីអ្នកដែលមានឡាន ក៏មិនដឹងថា គេនឹងអាចធ្វើដំណើរបានឆ្ងាយដែរ។ ជាងពាក់កណ្តាលនៃស្ថានីយ៍ប្រេងឥន្ធនៈ នៅតាមបណ្តោយផ្លូវពីទីក្រុង Medyka ទៅ Przemysl ចម្ងាយ ១០គីឡូម៉ែត្រ បានលក់ប្រេងឥន្ធនៈ ចុងក្រោយរបស់ពួកគេ សម្រាប់មួយថ្ងៃ ពោលគឺមិនមានប្រេង សម្រាប់លក់ទៀតនោះទេ ៕
ប្រែសម្រួលដោយ ឈូក បូរ៉ា
