ព័ត៌មានអន្តរជាតិ

G7 ប្ដេជ្ញារួមគ្នា ដាក់ទណ្ឌកម្មបន្ថែមទៀត លើរុស្ស៊ី និង គាំទ្រអ៊ុយក្រែន

តូក្យូ ៖ រដ្ឋាភិបាលជប៉ុន បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសមកពីក្រុមប្រទេសអភិវឌ្ឍន៍ធំៗ ទាំង៧ ហៅកាត់ថា G7 បានសន្យាធ្វើការរួមគ្នា លើការដាក់ទណ្ឌកម្មបន្ថែមទៀតប្រឆាំង នឹងប្រទេសរុស្ស៊ី និងការគាំទ្រ សម្រាប់អ៊ុយក្រែន ក្នុងការឆ្លើយតប ទៅនឹងការឈ្លានពានរបស់ទីក្រុងម៉ូស្គូ ទៅលើប្រទេសអឺរ៉ុប ខាងកើតមួយនេះ ។

ដោយថ្កោលទោសយ៉ាងខ្លាំង ចំពោះការឈ្លានពានរបស់រុស្ស៊ី ប្រធានគោលនយោបាយការបរទេស G-7 ក៏បានគូសបញ្ជាក់ពីការគាំទ្ររបស់ពួកគេ ចំពោះអធិបតេយ្យភាព និង បូរណភាពទឹកដីរបស់អ៊ុយក្រែន ក្នុងអំឡុងពេលកិច្ចប្រជុំអនឡាញ រយៈពេលពីរម៉ោងរបស់ពួកគេ នេះបើយោងតាមក្រសួង ការបរទេសជប៉ុន ។

ក្រសួងបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេស ជប៉ុន លោក Yoshimasa Hayashi បានឲ្យដឹងនៅក្នុងកិច្ចប្រជុំថា ទីក្រុងតូក្យូ នឹងចូលរួមកិច្ចខិតខំប្រឹងប្រែង ដោយសមាជិក G-7 ផ្សេងទៀត ដើម្បីដកធនាគាររុស្ស៊ីមួយចំនួន ចេញពីប្រព័ន្ធទូទាត់អន្តរជាតិដ៏សំខាន់ ដែលគេស្គាល់ថា SWIFT ។ គោលនយោបាយនេះ ត្រូវបានប្រកាសដោយនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា ប៉ុន្មានម៉ោងមុននេះ។

យោងតាមក្រសួងបានឱ្យដឹងថា ការរក្សាល្បឿនជាមួយនឹងប្រទេសលោកខាងលិចផ្សេងទៀត លោក Hayashi ក៏បានឲ្យដឹងផងដែរថា ប្រទេសជប៉ុន នឹងបង្កកទ្រព្យសម្បត្តិដែលកាន់កាប់ ដោយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន និងមន្ត្រីរដ្ឋាភិបាលរុស្ស៊ីផ្សេងទៀត ហើយនឹងពង្រីកជំនួយមនុស្សធម៌ សង្គ្រោះបន្ទាន់ ដែលមានតម្លៃ ១០០លានដុល្លារដល់អ៊ុយក្រែន ។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានចូលរួមក្នុងការជួបជុំនិម្មិតក្នុងរយៈពេល ៤៥នាទីចុងក្រោយ ដោយសម្តែងការដឹងគុណ ចំពោះការគាំទ្ររបស់ប្រទេស G-7 ។ ក្រសួងបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសផ្សេងទៀត បានបង្ហាញពីសាមគ្គីភាព របស់ពួកគេជាមួយរដ្ឋាភិបាល អ៊ុយក្រែន និងប្រជាជននៃប្រទេសនេះ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top