បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្រាប់នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson កាលពីថ្ងៃអាទិត្យថា “រយៈពេល 24 ម៉ោងបន្ទាប់” នឹងក្លាយជា “រយៈពេលប្រកបដោយគ្រោះថ្នាក់” សម្រាប់អ៊ុយក្រែន ខណៈដែលជម្លោះរបស់ខ្លួន ជាមួយរុស្ស៊ីនៅតែបន្ត។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា វិមាន Downing Street បានបង្ហាញ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Zelensky បានប្រាប់ នាយករដ្ឋមន្រ្តីថា គាត់ “ជឿថា 24 ម៉ោងបន្ទាប់ គឺជារយៈពេលដ៏គ្រោះថ្នាក់ សម្រាប់អ៊ុយក្រែន” ខណៈដែល លោក Johnson ” បាននិយាយថា គាត់នឹងធ្វើឱ្យអស់ពីសមត្ថភាព ដើម្បីជួយធានាបាន នូវជំនួយការពារ ពីចក្រភពអង់គ្លេស និង សម្ព័ន្ធមិត្តបានទៅដល់អ៊ុយក្រែន។
លោក Boris Johnson ក៏បាន “សរសើរ” ភាពជាអ្នកដឹកនាំរបស់លោក Zelensky ហើយបាននិយាយថា “ការតស៊ូរបស់ប្រជាជនអ៊ុយក្រែនគឺជាវីរភាព ។
ចំណែករដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី Liz Truss បានព្រមានកាលពីថ្ងៃអាទិត្យថា ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ក៏អាចក្លាយជាជម្លោះរវាងរុស្ស៊ី និងអង្គការណាតូ ប្រសិនបើបណ្តាប្រទេស លោកខាងលិច «មិនក្រោកឈរឡើង ចំពោះលោក ពូទីន នៅពេលនេះនោះទេ»៕
ប្រែសម្រួលៈ ណៃ តុលា