ម៉ូស្គូ ៖ តំណាងអចិន្ត្រៃយ៍ របស់រុស្ស៊ី ប្រចាំនៅអង្គការសហប្រជាជាតិ លោក Vasily Nebenzia បានសម្ដែងការ សោកស្តាយ ចំពោះការសម្រេចចិត្ត របស់សហរដ្ឋអាមេរិក ក្នុងការបណ្តេញបុគ្គលិកចំនួន ១២ នាក់ នៃបេសកកម្មនៅអង្គការ សហប្រជាជាតិរបស់រុស្ស៊ី ។
លោក Nebenzia បានឲ្យដឹងនៅដើមដំបូង នៃកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ ដែលលោកកំពុងធ្វើជាប្រធានថា ” ខ្ញុំចង់ជូនដំណឹង ដល់អ្នកអំពីជំហាន អរិភាពមួយផ្សេងទៀត ដែលធ្វើឡើងដោយប្រទេសម្ចាស់ផ្ទះ ដែលជាជំហានប្រឆាំង នឹង បេសកកម្មរបស់រុស្ស៊ី ។ គ្រាន់តែមួយម៉ោងមុននេះ យើងត្រូវបានគេជូនដំណឹងថា ពីបេសកកម្មរុស្ស៊ី បុគ្គលិក ១២នាក់ កំពុងត្រូវបានត្រូវ បានបណ្តេញចេញ” ។
លោក Nebenzia បានបន្ដថា ការសម្រេចចិត្តនេះគឺ “នៅតែរំលោភបំពានធ្ងន់ធ្ងរមួយទៀត” នៃកិច្ចព្រមព្រៀង ទីស្នាក់ការអង្គការសហប្រជាជាតិ ដែលបានចុះហត្ថលេខា ដោយសហរដ្ឋអាមេរិក ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ និងនៃអនុសញ្ញាទីក្រុងវីយែន ។
លោកបានបន្ថែមថា “យើងបន្តត្រូវបានប្រាប់អំពីតម្រូវការសម្រាប់ការទូត ដំណោះស្រាយការទូត ។ ក្នុងពេលជាមួយគ្នានេះ ឱកាសរបស់យើងក្នុង ការធ្វើសកម្មភាពបែបនេះកំពុងត្រូវ បានរឹតបន្តឹង” ។ “យើងសោកស្តាយយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តនេះ ហើយយើងនឹងឃើញពីរបៀប ដែលព្រឹត្តិការណ៍កើតឡើង នៅក្នុងបរិបទនៃការសម្រេចចិត្តនេះ” ។
តំណាងអចិន្ត្រៃយ៍រង របស់សហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោក Richard Mills បានលើកឡើងថា បុគ្គលិកទាំង ១២នាក់នៃបេសកកម្មរុស្ស៊ី ត្រូវបានបញ្ជា ឱ្យចាកចេញ ដោយសារតែពួកគេបានចូលរួមក្នុង “សកម្មភាពដែលមិនស្រប តាមទំនួលខុសត្រូវ និងកាតព្វកិច្ច របស់ពួកគេក្នុង នាមជាអ្នកការទូត”៕
ប្រែសម្រួល ឈូក បូរ៉ា