ព័ត៌មានអន្តរជាតិ

Update: សង្គ្រាមរយៈពេល ៦ថ្ងៃ កងទ័ពរុស្ស៊ី បំផ្លាញប្រព័ន្ធហេដ្ឋា រចនាសម្ព័ន្ធយោធា របស់អ៊ុយក្រែន អស់ចំនួន ១៣២៥កន្លែង

ម៉ូស្គូ៖ អ្នកនាំពាក្យក្រសួង ការពារជាតិរុស្ស៊ី លោក Igor Konashenkov បានឲ្យដឹងថា កងកម្លាំងប្រដាប់ អាវុធរុស្ស៊ី បានបំផ្លាញហេដ្ឋា រចនាសម្ព័ន្ធយោធាអ៊ុយក្រែន ចំនួន ១,៣២៥កន្លែង ចាប់តាំងពីការចាប់ផ្តើម ប្រតិបត្តិការយោធា ពិសេសកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន។

ក្នុងចំណោមនោះ មានចំណុចត្រួតពិនិត្យ និងមជ្ឈមណ្ឌលទំនាក់ទំនងចំនួន ៤៣ នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន នេះបើតាមលោក Konashenkov បានប្រាប់សន្និសីទសារព័ត៌មានធម្មតា ស្តីពី “ប្រតិបត្តិការយោធាពិសេស” របស់រុស្ស៊ី។

លោកបានបន្ថែមថា ក្រៅពីនេះ រថក្រោះចំនួន ៣៩៥កន្លែង និងរថពាសដែកប្រយុទ្ធផ្សេងទៀត ប្រព័ន្ធរ៉ុក្កែតបាញ់ច្រើនចំនួន ៥៩ គ្រឿង កាំភ្លើងធំ និងកាំភ្លើងត្បាល់ចំនួន ១៧៩ ដើម ព្រមទាំងរថយន្តយោធាពិសេសចំនួន ២៨៦ គ្រឿងត្រូវបានបំផ្លាញ។

លោក Konashenkov បានប្រាប់អ្នកយកព័ត៌មានថា ការចូលរបស់កងទ័ពអ៊ុយក្រែន ទៅកាន់សមុទ្រ Azov ត្រូវបានបិទទាំងស្រុង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

លោកបានបន្ដថា រុស្សី នឹងវាយលុកមជ្ឈមណ្ឌលប្រតិបត្តិការណ៍ ចិត្តសាស្រ្ត និងសង្គ្រាមព័ត៌មានរបស់កងកម្លាំង ប្រដាប់អាវុធអ៊ុយក្រែន ក៏ដូចជាកន្លែងបច្ចេកវិជ្ជា នៃសេវាសន្តិសុខអ៊ុយក្រែន នៅទីក្រុងគៀវ ជាមួយនឹងអាវុធ ដែលមានភាពជាក់លាក់ខ្ពស់។

លោកបានបន្ថែមថា ការវាយឆ្មក់នឹងមានគោល បំណងប្រឆាំងនឹង “ការវាយប្រហារព័ត៌មាន” របស់អ៊ុយក្រែន លើប្រទេសរុស្ស៊ី រួមទាំងការវាយប្រហារ តាមអ៊ីនធឺណិត ប្រឆាំង នឹងស្ថាប័នរដ្ឋផ្សេងៗ និងការគំរាមកំហែងដោយគ្រាប់បែក ដោយលោកបានជំរុញឱ្យប្រជាជន ដែលរស់នៅក្បែរកន្លែង ទាំងនេះចាកចេញ ដើម្បីជៀសវាងគ្រោះថ្នាក់៕

ប្រែសម្រួល ឈូក បូរ៉ា

To Top