ព័ត៌មានអន្តរជាតិ

Update: ជប៉ុន បិទស្ថានទូតរបស់ខ្លួន នៅទីក្រុងគៀវ ប្រទេសអ៊ុយក្រែន ជាបណ្ដោះអាសន្ន

តូក្យូ៖ ប្រទេសជប៉ុនបានឲ្យដឹង នៅព្រឹកថ្ងៃពុធនេះថា ខ្លួននឹងបិទស្ថានទូតរបស់ខ្លួន ជាបណ្តោះអាសន្នក្នុងទីក្រុងគៀវ នៅពេលដែលការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែនកាន់តែកើនឡើង ដោយជនស៊ីវិលជាច្រើនបានភៀសខ្លួន ចេញពីប្រទេសដោយអស់សង្ឃឹម។

ប្រតិបត្តិការរបស់ស្ថានទូត នឹងត្រូវផ្ទេរទៅការិយាល័យ ទំនាក់ទំនងបណ្តោះអាសន្ន ដែលបង្កើតឡើងនៅទីក្រុង Lviv ភាគខាងលិចប្រទេសអ៊ុយក្រែន នេះបើយោងតាមក្រសួងការបរទេសជប៉ុន។

ក្រសួងបានឲ្យដឹងថា ការិយាល័យដែលមានទីតាំងនៅជិត ព្រំដែនជាមួយប្រទេសប៉ូឡូញ នឹងបន្តផ្តល់ការគាំទ្រដល់ពលរដ្ឋជប៉ុន ដែលរស់នៅក្នុងប្រទេសអ៊ុយក្រែន រួមទាំងអ្នកដែលព្យាយាមជម្លៀស ចេញពីប្រទេសផងដែរ។

ការសម្រេចចិត្តបិទស្ថានទូតនៅថ្ងៃពុធនេះ ត្រូវបានប្រកាសបន្ទាប់ពីយោធារុស្ស៊ី បានឲ្យដឹងថា ខ្លួននឹងវាយប្រហារទីតាំងទំនាក់ទំនង និងចារកម្មរបស់អ៊ុយក្រែនក្នុងទីក្រុងគៀវ ដោយព្រមានអ្នករស់នៅក្បែរ ពួកគេឱ្យចាកចេញ។

ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី មកលើអ៊ុយក្រែនបាន ចាប់ផ្តើមកាលពីសប្តាហ៍មុន ប្រតិបត្តិការរបស់ស្ថានទូត ត្រូវបានកាត់បន្ថយ ប៉ុន្តែ ឯកអគ្គរដ្ឋទូត ជប៉ុន ប្រចាំ ប្រទេស អ៊ុយក្រែន លោក Kuninori Matsuda និង សមាជិក ២ ទៅ៣ នាក់ ទៀត បាន បន្ត នៅ ក្នុង ទីក្រុងគៀវនៅឡើយទេ។

គិតត្រឹមថ្ងៃទី២៧ ខែកុម្ភៈ ជនជាតិជប៉ុនប្រហែល ១២០នាក់ កំពុងស្ថិតក្នុងប្រទេសអ៊ុយក្រែន។ រដ្ឋាភិបាលជប៉ុន បានអំពាវនាវឱ្យពួកគេជម្លៀសខ្លួន និងធានាបាននូវយន្តហោះជួល ដើម្បីដឹកជញ្ជូនពួកគេពីប្រទេសប៉ូឡូញ ទៅកាន់ប្រទេសទី៣ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top