ព័ត៌មានអន្តរជាតិ

Update៖ ភាគីរុស្សី បង្ហាញចំនួនយោធា បាត់បង់ជីវិត និងរបួសនៅក្នុង ប្រទេសអ៊ុយក្រែន

បរទេស៖ យោងតាមការប្រកាសជាផ្លូវការ ដោយកងកម្លាំងយោធា របស់ប្រទេសរុស្សីកាលពីថ្ងៃពុធម្សិលមិញ បានបញ្ជាក់ថា គិតមកដល់ថ្ងៃនេះយោធារបស់ខ្លួន ប្រមាណជា ៤៩៨នាក់បានបាត់បង់ជីវិត និងប្រមាណជា ១៦០០នាក់បានទទួលរងរបួស នៅក្នុងប្រតិបត្តិការពិសេសដែលកំពុង បន្តនៅឡើយក្នុងប្រទេសអ៊ុយក្រែន។

ក្រសួងការពារជាតិក៏បានចេញ មកបដិសេធអំពីរបាយការណ៍ ដែលអះអាងថា យោធារបស់រុស្សីបានបាត់បង់ជីវិត ស្ទើររាប់មិនអស់នៅក្នុងព្រឹត្តិការណ៍នេះ ដោយចាត់ទុកថា ការអះអាងទាំងនេះ គឺជាព័ត៌មានមិនពិត និងមានចេតនាមិនល្អពីសំណាក់ ប្រទេសជាសត្រូវរបស់ខ្លួនប៉ុណ្ណោះ។

យោងតាមការព្យាករណ៍ របស់រុស្សីដដែលបានបញ្ជាក់ថា យោធារបស់ភាគីអ៊ុយក្រែនវិញ គិតមកដល់ថ្ងៃពុធដូចគ្នានោះ គឺមានចំនួនអ្នកបាត់បង់ជីវិតដល់ទៅ ២៨៧០នាក់ហើយ ហើយប្រមាណជា ៣៧០០នាក់ទៀតកំពុងទទួលរងរបួស ហើយក្នុងនោះផងដែរយោធាអ៊ុយក្រែនប្រមាណជា ៥៧២នាក់ ត្រូវបានចាប់ខ្លួនជាចំណាប់ខ្មាំង ។

ទោះបីជាយ៉ាងណាក្តីចំនួន តួលេខជាផ្លូវការនេះហាក់ដូចជា មានភាពខុសគ្នាខ្លាំង ទៅនឹងការអះអាងដោយទីក្រុងគៀវថា ចំនួនយោធារុស្សីដែលបានបាត់បង់ជីវិត មានរហូតទៅដល់ ៥៨០០នាក់ មកហើយគិតចាប់តាំងតែពីថ្ងៃដំបូង នៃការលុកលុយចូលអ៊ុយក្រែន ៕

ប្រែសម្រួល៖ ស៊ុន លី

To Top