ម៉ូស្គូ៖ ជំនួយការប្រធានាធិបតីរុស្សី លោក Vladimir Medinsky ប្រធានគណៈប្រតិភូរុស្ស៊ីបានឲ្យដឹងថា គណៈប្រតិភូរុស្ស៊ី បានមកដល់ទីតាំងដែល កិច្ចចរចាជុំទីពីររវាងរុស្ស៊ី និងអ៊ុយក្រែនត្រូវបានគេរំពឹងថា នឹងប្រព្រឹត្តទៅហើយ។
ទីភ្នាក់ងារសារព័ត៌មាន RIA Novosti របស់រុស្ស៊ីបានរាយការណ៍ ដោយដកស្រង់សម្តីមន្ត្រីថា ភាគីអ៊ុយក្រែនត្រូវបានគេរំពឹងថា នឹងមកដល់នៅព្រឹកថ្ងៃស្អែក ហើយភាគីទាំងពីរត្រូវបានគេរំពឹងថា នឹងជួបប្រជុំគ្នានៅ Belovezhskaya Pushcha នៅតាមព្រំដែនបេឡារុស្ស-ប៉ូឡូញ។
លោក Medinsky បានលើកឡើងថា រុស្ស៊ី និងអ៊ុយក្រែន បានយល់ព្រមលើទីតាំង សម្រាប់កិច្ចចរចាជុំទីពីរជាមួយគ្នា ដោយបន្ថែមថា យោធារុស្ស៊ី បានបង្កើតច្រករបៀងសុវត្ថិភាព ដើម្បីអនុញ្ញាតឱ្យគណៈប្រតិភូអ៊ុយក្រែន ធ្វើដំណើរឆ្លងកាត់ទឹកដីអ៊ុយក្រែន។
លទ្ធភាពនៃបទឈប់បាញ់មួយ នឹងត្រូវលើកយកមកពិភាក្សា ក្នុងអំឡុងពេល នៃការចរចា ក្នុងចំណោមរឿងផ្សេងទៀត នេះបើតាមការលើកឡើងរបស់លោក Medinsky។
គួរបញ្ជាក់ថា រុស្ស៊ី និងអ៊ុយក្រែន បានបញ្ចប់ការចរចា លើកដំបូងរបស់ពួកគេ ក្នុងប្រទេសបេឡារុស្ស កាលពីថ្ងៃចន្ទ ដោយមិនមានការទម្លាយច្បាស់លាស់ ពីការព្រមព្រៀងគ្នាណាមួយឡើយ ៕
ប្រែសម្រួល ឈូក បូរ៉ា