ព័ត៌មានអន្តរជាតិ

Update: លោក ពូទីន បញ្ជាក់ហើយថា ប្រតិបត្តិការយោធាពិសេស របស់រុស្ស៊ី នៅអ៊ុយក្រែន ប្រព្រឹត្តទៅដូចការគ្រោងទុក

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា ប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី នៅអ៊ុយក្រែន កំពុងដំណើរការយ៉ាងតឹងរ៉ឹង តាមកាលវិភាគ និងផែនការ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក ពូទីន បានឲ្យដឹងនៅក្នុងកិច្ចប្រជុំ ជាមួយសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីថា “រាល់កិច្ចការ ដែលត្រូវបានចាត់តាំង កំពុងត្រូវបានបំពេញដោយជោគជ័យ” ។

លោកបានប្រាប់មន្ត្រីកំពូល របស់ប្រទេសនេះថា ទាហាន និងមន្ត្រីរុស្ស៊ី “ធ្វើសកម្មភាពដោយក្លាហាន និងប្រយុទ្ធយ៉ាងខ្ជាប់ខ្ជួន ជាមួយនឹងការយល់ដឹងពេញលេញ អំពីភាពត្រឹមត្រូវនៃបុព្វហេតុរបស់ពួកគេ” ។

លោក ពូទីន បានលើកឡើងថា ប្រតិបត្តិការនេះ មានគោលបំណងលុបបំបាត់ ការគំរាមកំហែងដែលបង្កឡើង ដោយលោកខាងលិច ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ នៅព្រំដែនរុស្ស៊ី រួមទាំងការគំរាមកំហែង ពីអាវុធនុយក្លេអ៊ែរផងដែរ។

ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសកាលពីថ្ងៃពុធថា ទាហានរុស្ស៊ីចំនួន ៤៩៨ នាក់ត្រូវបានសម្លាប់ ក្នុងអំឡុងពេល ប្រតិបត្តិការយោធាពិសេស នៅក្នុងប្រទេសអ៊ុយក្រែន ដែលបានចាប់ផ្តើមនៅថ្ងៃទី ២៤ ខែកុម្ភៈ៕ ប្ថែសម្រួល ឈូក បូរ៉ា

To Top