ព័ត៌មានអន្តរជាតិ

Update: រុស្ស៊ី បញ្ឈប់ការនាំចេញម៉ាស៊ីនរ៉ុក្កែត ទៅកាន់អាមេរិក ទុកជាការសងសឹក

ម៉ូស្គូ៖ សាជីវកម្មអវកាសរដ្ឋ Roscosmos បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ីបានសម្រេចចិត្តបញ្ឈប់ការចែកចាយម៉ាស៊ីនរ៉ុក្កែតទៅសហរដ្ឋអាមេរិក ដើម្បីជាការឆ្លើយតបទៅនឹងរលកថ្មីនៃទណ្ឌកម្មរបស់លោកខាងលិចទាក់ទងនឹងជម្លោះអ៊ុយក្រែន។

អគ្គនាយក Roscosmos លោក Dmitry Rogozin បានប្រាប់កម្មវិធីទូរទស្សន៍រុស្ស៊ីថា “ការចែកចាយបែបនេះមានសកម្មភាពខ្លាំងតាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០ រួមទាំងម៉ាស៊ីន RD-180 ដែលផ្តល់ថាមពលដល់គ្រាប់រ៉ុក្កែត Atlas-V” ។

នៅក្នុងនោះដែរលោក បានស្នើឱ្យសហរដ្ឋអាមេរិក “ហោះហើរលើអំបោសរបស់ពួកគេ” បានន័យថា បើចង់បានម៉ាស៊ីនរ៉ុក្កែត ទៅផលិតខ្លួនឯងទៅ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លើសពីនេះទៀតលោក Rogozin បានលើកឡើងថាក្រុមហ៊ុន Roscosmos នឹងមិនសហការជាមួយអាល្លឺម៉ង់ លើការពិសោធន៍រួមគ្នាលើផ្នែករុស្ស៊ីនៃស្ថានីយ៍អវកាសអន្តរជាតិនោះទេ ហើយនឹងដឹកនាំពួកគេដោយឯករាជ្យ៕


ប្រែសម្រួល ឈូក បូរ៉ា

To Top