ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ នឹងបង្កើនផលិតផលប្រេង និងនាំចេញឲ្យដល់កម្រិតដូចមុនការដាក់ទណ្ឌកម្មរបស់អាមេរិក

តេអេរ៉ង់៖ រដ្ឋមន្ត្រីក្រសួងប្រេងអ៊ីរ៉ង់បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ “បានត្រៀមខ្លួនយ៉ាងពេញលេញ” ដើម្បីស្តារការផលិត និងការនាំចេញប្រេងរបស់ខ្លួនដល់កម្រិតមុនការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៨ ។

រដ្ឋមន្ត្រីក្រសួងប្រេងអ៊ីរ៉ង់ លោក Javad Owji បានធ្វើការកត់សម្គាល់នៅពេលលោកបានសម្ពោធគម្រោងឧស្ម័នមួយចំនួននៅក្នុងទីក្រុងកំពង់ផែ Mahshahr នៃខេត្ត Khuzestan ភាគនិរតីរបស់ប្រទេសអ៊ីរ៉ង់។

លោក Owji បានឲ្យដឹងទាក់ទងនឹងការរំពឹងទុកនៃការដកទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងវិស័យថាមពលរបស់អ៊ីរ៉ង់ ដែលជាលទ្ធផលនៃកិច្ចព្រមព្រៀង ដែលអាចធ្វើទៅបានរវាងអ៊ីរ៉ង់ និងមហាអំណាចពិភពលោកនៅទីក្រុងវីយែននៃប្រទេសអូទ្រីសថា “អ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កើនផលិតកម្ម និងការនាំចេញរបស់ខ្លួនដល់កម្រិតមុនខែវិច្ឆិកា ឆ្នាំ២០១៨”។

លោកត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការថា “អ៊ីរ៉ង់មានបច្ចេកទេស និងប្រតិបត្តិការអាចរក្សាស្ថិរភាពចំណែកនៃការនាំចេញរបស់ខ្លួននៅក្នុងទីផ្សារពិភពលោក បន្ទាប់ពីការដកទណ្ឌកម្ម”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top