ព័ត៌មានអន្តរជាតិ

Update: អ៊ុយក្រែន អំពាវនាវឱ្យ UN ដាក់កងកម្លាំងរក្សាសន្តិភាព នៅក្នុងប្រទេសរបស់ខ្លួន

បរទេស៖ កាលពីថ្ងៃព្រហស្បតិ៍ ចំពេលមានការវាយលុករបស់រុស្ស៊ី ដែលកំពុងបន្ត សភាអ៊ុយក្រែនបានអំពាវនាវ ឱ្យអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិផ្សេងទៀត បញ្ជូនបេសកកម្មរក្សាសន្តិភាព ទៅកាន់ប្រទេសអ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងទៅកាន់អង្គការសហប្រជាជាតិ កាកបាទក្រហមអន្តរជាតិ សភាអ៊ឺរ៉ុប និង “សភា និងគណៈរដ្ឋមន្ត្រី” នៃប្រជាជាតិទាំងអស់ ពួកគេបានអនុម័តដំណោះស្រាយ ដោយជំរុញឱ្យមានការចូលរួម ពីបរទេសដើម្បី “ការពារប្រជាជនស៊ីវិលពីការវាយប្រហារ ដោយប្រដាប់អាវុធដោយពួកឈ្លានពានរុស្ស៊ី” ។

សមាជិកសភាអ៊ុយក្រែន បានអំពាវនាវឱ្យមាន ការដាក់ពង្រាយ កងកម្លាំងរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ការបង្កើតតំបន់គ្មានការហោះហើរ លើទឹកដីអ៊ុយក្រែន និងការបើកច្រករបៀងពណ៌បៃតង សម្រាប់ការឆ្លងកាត់ជំនួយមនុស្សធម៌ និងជនភៀសខ្លួន។

សូមជម្រាបថា រាល់បេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ នឹងត្រូវមានការអនុញ្ញាត ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដែលរុស្ស៊ីកាន់អំណាចវេតូ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើ UNSC មិនអាចចេញការអនុញ្ញាត ក្រោមដំណោះស្រាយ 377(V) របស់មហាសន្និបាតអង្គការ សហប្រជាជាតិ (UNGA) ដែលបានអនុម័តក្នុងឆ្នាំ 1950 នោះ UNGA អាចយកបញ្ហាទាំងនោះ ទៅក្នុងដៃរបស់ខ្លួន។

ទោះជាយ៉ាងណាក៏ដោយ ស្ថាប័នកំពូលរបស់អង្គការសហប្រជាជាតិ ត្រូវតែផ្តល់អនុសាសន៍ឱ្យសភាធ្វើដូច្នេះ ហើយយ៉ាងហោចណាស់សមាជិក UNSC ចំនួនប្រាំពីរត្រូវតែពេញចិត្ត ចំពោះការផ្លាស់ប្តូរនេះ៕ ប្រែសម្រួលៈ ណៃ តុលា

To Top