បរទេស៖ ប្រទេសរុស្ស៊ីបានលុបចោលការបាញ់បង្ហោះគ្រាប់រ៉ុក្កែត Soyuz-2.1b របស់ខ្លួននៅថ្ងៃសុក្រនេះ បន្ទាប់ពីក្រុមហ៊ុន OneWeb ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងឡុងដ៍ ដែលជាម្ចាស់នៃបន្ទុក គឺបានបដិសេធមិនផ្តល់ការធានាផ្នែកច្បាប់បន្ថែមដោយថា ផ្កាយរណបរបស់ខ្លួននឹងមិនត្រូវបានប្រើសម្រាប់គោលបំណងយោធានោះទេ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ការលុបចោលនេះមិនមានការភ្ញាក់ផ្អើលទេ ដោយសារតែ កាលពីថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុន OneWeb បានប្រកាសនៅលើគណនី Twitter របស់ខ្លួនថាក្រុមប្រឹក្សាភិបាលរបស់ខ្លួនបានបោះឆ្នោត “ផ្អាកការបាញ់បង្ហោះទាំងអស់” ពីតារាវិថី Baikonur ដែលជាទីតាំងបាញ់បង្ហោះស៊ីវិលដ៏សំខាន់របស់រុស្ស៊ី។
កាលពីដើមសប្តាហ៍នេះ លោក Dmitry Rogozin ប្រធានទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos បានដាក់ការសង្ស័យលើលទ្ធភាពនៃបេសកកម្មថ្ងៃសុក្រ។ លោកបាននិយាយថា រុស្ស៊ីមានការព្រួយបារម្ភថា ផ្កាយរណប OneWeb ដែលផ្តល់ការចូលប្រើអ៊ីនធឺណិតនៅលើដី នឹងត្រូវបានប្រើប្រាស់ដោយសមាជិកណាតូសម្រាប់គោលបំណងយោធា ផ្ទុយទៅនឹងការធានារបស់ក្រុមហ៊ុនដែលថាតារានិករមិនគំរាមកំហែងដល់ប្រទេសរុស្ស៊ី៕ប្រែសម្រួលៈ ណៃ តុលា