គៀវ៖ អាជ្ញាធរអ៊ុយក្រែនបានឲ្យដឹងថា យោធារុស្ស៊ីបានចាប់យក រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលជារោងចក្រធំបំផុតនៅអឺរ៉ុប នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
អធិការរដ្ឋសម្រាប់ បទប្បញ្ញត្តិនុយក្លេអ៊ែរ អ៊ុយក្រែនបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយនៅលើ បណ្ដាញសង្គម Facebook ថា រោងចក្រនេះត្រូវបានរឹបអូស បន្ទាប់ពីការបាញ់ផ្លោង ដែលបណ្តាលឱ្យមានអគ្គីភ័យ នៅរោងចក្រនេះ។
ទីភ្នាក់ងារនេះបានឲ្យដឹងថា បច្ចុប្បន្នបុគ្គលិកអ៊ុយក្រែន នៅតែបន្តប្រតិបត្តិការរោងចក្រនៅឡើយទេ។ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov បានបញ្ជាក់កាលពីថ្ងៃសុក្រថា កងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ី បានកាន់កាប់រោងចក្រថាមពល នុយក្លេអ៊ែរខាងលើនេះហើយ។
កាលពីព្រឹកថ្ងៃសុក្រ អគ្គីភ័យបានឆាបឆេះអគារហ្វឹកហាត់មួយ នៅខាងក្រៅរោងចក្រថាមពលនុយក្លេអ៊ែរ ដែលអភិបាលក្រុង Energodar ក្បែរនោះបានអះអាងថាជា “លទ្ធផលនៃការវាយប្រហារជាបន្តបន្ទាប់ របស់សត្រូវមកលើអគារ និងអង្គភាព” នៃរោងចក្រថាមពលនុយក្លេអ៊ែរ ។
ក្រសួងការពារជាតិរុស្ស៊ី បានច្រានចោលការអះអាងនេះ ដោយលើកឡើងថា ភ្លើងគឺជាលទ្ធផលនៃការ បង្កហេតុដោយទីក្រុងគៀវ ក្នុងគោលបំណងចោទប្រកាន់រុស្ស៊ីថា បានបង្កើតកន្លែងក្តៅ នៃការបំពុលវិទ្យុសកម្ម ៕
ប្រែសម្រួល ឈូក បូរ៉ា